ព័ត៌មានជាតិ

រថយន្តកូរ៉េឃ្លុបដឹកទំនិញ បើកលឿនជ្រុលបុកម៊ែកស៊ឺដេស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តកូរ៉េឃ្លុប ដឹកទំនិញមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត ម៊ែកស៊ឺដេស មួយគ្រឿងរបស់ជនជាតិចិន ចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតត្រង់ចំណុចប្រឡាយលូទឹកស្អុយ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0367 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុក រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៊ែកស៊ីដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4540 បើកបរដោយជនជាតិចិន ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បុកចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នកណារងរបួសនោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទង ទៅខាងជំនាញឲ្យចុះមកវាស់វែង រួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់