ព័ត៌មានជាតិ

មានវិបត្តិផ្លូវចិត្ត! បុរសប្រពន្ធលែងម្នាក់ ព្យាយាមសម្លាប់ខ្លួនជាច្រើនលើក ត្រូវបានគេជួយទាន់

ភ្នំពេញ: ករណីបុរសអ្នករត់ម៉ូតូកង់បីម្នាក់ ខូចចិត្តមកលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីប្រពន្ធសុំលែងជាច្រើនដង ហើយខ្លួនក៏ព្រមលែង លុះលែងបានចំនួន០៦ថ្ងៃក៏សុំត្រូវគ្នាវិញ តែខាងប្រពន្ធគេមិនព្រមក៏សម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងលើកទី១ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១ ចំណុចលើស្ពាន ជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជាជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងលើកទី២នៅលើស្ពានជ្រោយចង្វា ដដែលនៅវេលាម៉ោង០០និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សូរ គឿ អាយុ៣២ឆ្នាំ មុខរបររត់កង់បី មានស្រុកកំណើតនៅខេត្តកំពង់ធំ មានប្រពន្ធនៅខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ អ្នកទាំងពីរមានកូនប្រុសស្រី២នាក់ក្នុងបន្ទុក ស្នាក់នៅម្តុំកាណាឌីយ៉ាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោតបានសម្រេចតែគេជួយទាន់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានព្យាយាម សម្លាប់ខ្លួនចំនួន ០២ដង រួចមកហើយ ដោយលើកទី១ព្យាយាមចងកសម្លាប់ខ្លួន លើកទី២ព្យាយាមលេបថ្នាំសម្លាប់ខ្លួន និងលើកទី៣បានជិះកង់បី ឥណ្ឌារបស់ខ្លួន ដែលទិញបង់រំលស់មិនទាន់រួចផងនោះ បានជិះមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អការធ្វើ អត្តឃាតទាំងបីលើក មិនបានសម្រេចនោះទេ ។

តាមប្រភពព័ត៌មានបន្តថា បុរសខាងលើត្រូវបានអតីតប្រពន្ធរបស់ខ្លួនសុំលែងលះគ្នាជាច្រើនដង រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ខ្លួនក៏ព្រមលែងលះប្រពន្ធ ដោយកូនប្រុសស្រីចំនួន០២នាក់ ត្រូវប្រពន្ធជាអ្នកយកទៅចិញ្ចឹមរីឯប្តីទទួលបានកង់បីបង់រំលស់ ហើយដល់រហូតថ្ងៃទី២៩ ខែឆ្នាំដដែល ដោយសារចិត្តមិនដាច់ពីអតីតប្រពន្ធ ក៏សុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ តែអតីតប្រពន្ធមិនព្រម ។ លុះរហូតមកដល់ថ្ងៃទី៣០ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏បានជិះម៉ូតូកង់បីឥណ្ឌាដោយខ្លួនឯង ចេញពីម្តុំបឹងកេងកង មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែជនរងគ្រោះសំណាងល្អ ត្រូវបានបងប្អូនខ្មែរចាម ជាអ្នកនេសាទត្រីនៅក្បែរនោះ ឃើញទាន់ក៏ចេញទូកទៅជួយ ស្រង់ពីទឹកបានទាន់ពេល មិនបណ្តាលឱ្យបុរសនោះបាត់បង់ជីវិតឡើយ ៕

មតិយោបល់