ព័ត៌មានជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN អនុតម័តដំណោះស្រាយមួយ តម្រូវឱ្យតាលីបង់អនុញ្ញាតឱ្យមនុស្សចាកចេញពីអាហ្វហ្កានីស្ថានដោយសេរី

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទសប្ដាហ៍នេះបានអនុម័តលើដំណោះស្រាយមួយដោយតម្រូវឱ្យក្រុមតាលីបង់អនុវត្តតាមពាក្យសន្យា របស់ខ្លួន ក្នុងការអនុញ្ញាតឱ្យមនុស្សចាកចេញពីអាហ្វហ្កានីស្ថានដោយសេរី និងសុវត្ថិភាព។

ដំណោះស្រាយខាងលើដែលព្រាងដោយសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, និងបារាំង ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ១៣សំឡេង នៅក្នុងចំណោមប្រទេស ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ ហើយមិនមានសំឡេងជំទាសឡើយ ខណ:ចិន និងរុស្ស៊ីបោះឆ្នោតអនុប្បវាទ។ តែដំណោះស្រាយនេះ មិនបានលើកឡើងពីការបង្កើតតំបន់សុវត្ថិភាពស្នើឡើងដោយប្រធានាធិបតី បារាំង លោក ម៉ាក្រុងនោះទេ។

បើតាមដំណោះស្រាយខាងលើ ក្រុមតាលីបង់ត្រូវបានតម្រូវឱ្យអនុញ្ញាតក៏ដូចជាធានាឱ្យបានជនបរទេស និងជនជាតិអាហ្វហ្កានីស្ថានអាចបន្តចាកចេញពី អាហ្វហ្កានីស្ថានដោយសុវត្ថិភាព ប្រសិនបើពួកគេចង់ចាកចេញ។ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃបានបិទបញ្ចប់ប្រតិបត្តិការជម្លៀសមនុស្សរបស់ពួកគេ ហើយនៅត្រឹមថ្ងៃទី៣១ ខែសីហានេះ ដែលជានិមិត្តរូបនៃការបិទបញ្ចប់សង្រ្គាមជាង២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន៕

ប្រភព៖​​​​​​AFP

មតិយោបល់