ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់ក្នុងអង្រឹងក្បែរផ្ទះអ្នកជិតខាង គ្មានអ្នកដឹង

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ កែវ គុណ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដេកស្លាប់ក្នុងអង្រឹងក្បែរផ្ទះអ្នកជិតខាង បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ០៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ តាមការរៀបរាប់ពីឈ្មោះ ថាប់ ម៉ែន ភេទប្រុស អាយុ ៦៨ឆ្នាំ នៅភូមិអូរអំបិល ដែលជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចយើងថា នៅព្រឹកកើតហេតុវេលាម៉ោង៨និង៣០នាទីព្រឹក ឈ្មោះ កែវ គុណ បានមកដេកអង្រឹងលេងក្បែរផ្ទះគាត់ ហើយបន្ទាប់មកគាត់បានចេញទៅស្រែលុះវេលាប្រហែលម៉ោង០៥និង៣០នាទីល្ងាច ពេលគាត់ត្រឡប់មកផ្ទះវិញឃើញ ឈ្មោះ​ កែវ គុណ នៅតែដេកក្នុងអង្រឹងដដែលត្រូវទឹកភ្លៀងជោគខ្លួននិងអង្រឹងមិនភ្ញាក់ ក៏ទៅដាស់ឲ្យក្រោកមិនកម្រើកទើបដឹងថាស្លាប់ តែមិនដឹងតាំងពីពេលណានោះឡើយ តាមការឲ្យដឹងពីក្រុមគ្រួសារសព ជនរងគ្រោះផឹកស្រាជាប្រចាំមិនសូវគិតរឿងបាយទឹកទេ ។

ប្រភពដដែលបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតក្រុមការងារដើម្បីពិនិត្យលើខ្លួនសព ដែលមានសមាសភាព៖លោកគ្រូពេទ្យកោសលវិច្ច័យក្រុង ជំនាញកោសល្យវិច្ច័យក្រុង លោកមេប៉ុស្ដិ៍ លោក មេភូមិ ព្រមទាំងបងប្អូនសព តាមការពិនិត្យរកមេរោគកូវីដ-១៩ លទ្ធផលអវិជ្ជមាន លើដងខ្លួនពុំមានស្លាកស្នាមអ្វីទាក់ទងនិងមនុស្សឃាតឡើយ តាមការសន្និដ្ឋានរបស់ក្រុមការងារ ការស្លាប់នេះបណ្តាលមកពីកើតខ្យល់.គ ព្រោះជនរងគ្រោះផឹកស្រាប្រចាំថ្ងៃ ហើយគ្មានអាហារចូលក្នុងពោះ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់