ព័ត៌មានជាតិ

ផ្ទុះអាវុធជាច្រើនគ្រាប់ជាមួយក្រុមចោរប្លន់ សមត្ថកិច្ចក្របួចបានជនសង្ស័យ២នាក់ និងម៉ូតូ២គ្រឿង

ភ្នំពេញ: ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវកម្លាំងប៉ូលិសខណ្ឌពោធិសែនជ័យ សហការជាមួយប៉ូលិសព្រហ្មទណ្ឌក្រុងក្របួចបាន ខណ:ពេលជិះម៉ូតូរត់គេចពីសមត្ថកិច្ចតាំងពីផ្លូវវេងស្រេងម្តុំរោងចក្រ៦ជាន់ រហូតមកដល់ផ្លូវចម្ការដូង ភូមិសាមគ្គី ខណ្ឌមានជ័យ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៦។ ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកម៉ូតូដែលសមត្ថកិច្ចដកហូតទាំង២គ្រឿងនោះ គឺម៉ាកសេ១២៥ ទាំង២គ្រឿងតែម្តង។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា មុនពេលកម្លាំងលោកដេញតាមចាប់ជនសង្ស័យទាំង៤នាក់នេះ គឺកម្លាំងលោកកំពុងជិះល្បាតក្នុងមូលដ្ឋាន ជាមួយកម្លាំងប៉ូលិសព្រហ្មទណ្ឌក្រុង តាមបណ្តោយផ្លូវវេងស្រេងម្តុំរោងចក្រ៦ជាន់ ស្រាប់តែប្រទះឃើញ ក្រុមជនសង្ស័យខាងលើបានជិះម៉ូតូកាត់យ៉ាងលឿន នឹងមានបុរស២នាក់ជិះដេញតាមពីក្រោយ ហើយស្រែកថា ចោរប្លន់ៗ ឲ្យប៉ូលិសជួយស្ទាក់នឹងដេញតាមចាប់ផង។ ពេលនោះកម្លាំងលោកក៏បានដេញតាមចាប់ជនសង្ស័យទាំង៤នាក់នោះបានប្រមាណ១០០ម៉ែត្រ ស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់នោះបានដកកាំភ្លើងខ្លី១ដើម ចេញពីកាបូបស្ពាយបាញ់២ទៅ៣គ្រាប់មកលើកម្លាំងប៉ូលិស រហូតមកដល់ផ្លូវចម្ការដូង ម្តុំស្ពានដែកក្នុងខណ្ឌមានជ័យជនសង្ស័យទាំងនោះក៏បានបាញ់មកលើសមត្ថកិច្ចបន្ថែមទៀត ទើបសមត្ថកិច្ចបាញ់តទៅលើជនសង្ស័យទាំងនោះវិញ ទើបធ្វើឲ្យជនសង្ស័យទាំងនោះភ័យស្លន់ស្លោក៏ផ្តួលម៉ូតូ ហើយរត់គេចខ្លួន តែត្រូវប៉ូលិសក្របួចបាន២នាក់ភ្លាមៗនឹងម៉ូតូ២គ្រឿងភ្លាមៗផងដែរ។ ចំណែកបក្ខពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលឃាត់បានជនសង្ស័យទាំង២នាក់ជាមួយម៉ូតូ២គ្រឿងបានភ្លាមៗសមត្ថកិច្ចក៏បាននាំយកជនសង្ស័យទាំង២នាក់ទៅសាកសួរនៅស្នងការក្រុងទាំងយប់តែម្តង៕

photo_2016-08-18_07-53-51

photo_2016-08-18_07-53-56

photo_2016-08-18_07-54-00

photo_2016-08-18_07-54-03

photo_2016-08-18_07-54-07

photo_2016-08-18_07-54-10

photo_2016-08-18_07-54-14

មតិយោបល់