បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្រីម្នាក់ទៅតាមឪពុកមាលាងម៉ូតូនៅអាងរូង ហើយបានចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្ពានអាងរូង ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ រួយ ចរិយា អាយុ ៧ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល ០៤និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឪពុកមា ឈ្មោះ ឡាយ ប៊ុនរិទ្ធ អាយុ៣៦ឆ្នាំ បាននាំកូនបង្កើតនិងជនរងគ្រោះ មានគ្នាសរុប០៣នាក់ជិះម៉ូតូទៅលេងទឹកអាងរូង ។ ពេលដល់ចំណុចកើតហេតុ ឪពុកមាបានកំពុងលាងម៉ូតូ ហើយកូននិងក្មួយលេងទឹកជាមួយគ្នាដោយមិនបានប្រុងប្រយ័ត្ន មួយសន្ទុះក្រោយមកស្រាប់តែគាត់បានដឹងថា បាត់ក្មួយសង្ស័យតែលង់ទឹក ក៏បានចុះរាវរកក្នុងទឹកប្រហែល៣០នាទីទើបរកឃើញ.ហើយបាននាំជនរងគ្រោះមកសង្គ្រោះនៅមណ្ឌលសុខភាពសិង្ហតែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់មុនមកដល់មណ្ឌលសុខភាព។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន បានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមានសមាសភាពរួមមាន នាយប៉ុស្តិ៍រដ្ឋបាលសិង្ហ អាជ្ញាធរឃុំ គ្រូពេទ្យ លោកមេភូមិ ឃើញថាកុមារីរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំស្លាកស្នាមអ្វីទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌឡើយ រួចបានប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់