ព័ត៌មានជាតិ

Tigo ព្រលះអ្នកធ្វើដំណើរ២នាក់ ស្លាប់១ របួសធ្ងន់១

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងតាមបណ្តោយផ្លូវជាតិលេខ6 នៅចំណុចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ វេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ បង្កដោយរថយន្តមួយគ្រឿងបើកបុកអ្នកធ្វើដំណើរតាមផ្លូវ២នាក់ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

លោវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះ២នាក់ទី១.ឈ្មោះ អ៊ុក សាវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករមាន ទីលំនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទី២.ឈ្មោះ ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាធ្វើដំណើរពីទិសខាងកើតទៅលិចពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក Tigo ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-1910 បើកបរដោយឈ្មោះ គ្រីហេង ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិកម្មករ ឃុំកម្មករ ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះ ទិត វ៉ាន់ដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រីបានឲ្យដឹងទៀតថា រថយន្តបើកបរមកពីទិសខាងកើតទៅទិសខាងលិចហើយបានបុកអ្នកធ្វើដំណើរពីក្រោយពេញទំហឹង បណ្ដាលឲ្យឈ្មោះ ជឿន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឈ្មោះ អ៊ុក សាវន្ត រងរបួសធ្ងន់ហើយបានបញ្ជូនទៅពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

លោកបន្តទៀតថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរបានរងរបួសស្រាលហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះផងដែរ។ ចំណែករថយន្តខូចខាតផ្នែកខាងមុខធ្ងន់ ត្រូវបានសម្ថកិច្ចធ្វើការត្រួតពិនិត្យវាស់វែងរួចត្រូវបាន នគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

photo_2016-08-18_08-44-12

photo_2016-08-18_08-44-15

photo_2016-08-18_08-44-18

មតិយោបល់