ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់បើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៤០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចំណុចម្ដុំផ្សារអូរឫស្សី ស្ថិតនៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0643 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ០១គ្រឿងកំពុងឆ្លងផ្លូវ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ពាក់ស្លាកលេខពោធិ៍សាត់ 1E-0173 បើកបរដោយឈ្មោះ អៀម កក្កដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិដប់បាត សង្កាត់រលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) បើកបរពីលិចទៅកើតក្នុងទិសដៅច្រាសគ្នា ។

ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។ រីឯអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន មិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន ។ រីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់