ព្រៃវែង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រៃវែងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទី នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនរងគ្រោះ(សព) ឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិគ្គសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។
លោកស្នងការរងនគរបាលខេត្តព្រៃវែង បានបន្តថាក្រោយពីទទួលបានដំណឹងលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និងលោក បានដឹកនាំកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចស្រុក, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យកន្លែងកើតហេតុនិងសាកសពៈ សាកសពដេកផ្ងារក្បាលទៅទិសខាងត្បូង, សម្លៀកបំពាក់ជាប់នឹងខ្លួន, កដៃទាំង២មានស្នាមខ្សែចងកដៃទ្រុត៤កន្លែង, កែងដៃទាំង២ស្នាមជាំខ្មៅ, កែងជើងសងខាងដាច់រលាត់ស្បែក។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី បន្ថែមថា តាមកាបំភ្លឺពីម្តាយសាកសពឈ្មោះ សឿ សុវណ្ណរី អាយុ ៥០ឆ្នាំ ថានៅវេលាម៉ោង ១០និង០០នាទី មេរបស់គាត់ហៅអោយទៅប្រជុំ ក្រោយពីកូនខ្លួនទៅបាត់ រហូតដល់ម៉ោង ២០និង០០នាទី ទើបដឹងព័ត៌មានពីក្រុមការងារធ្វើការជាមួយកូនទូរស័ព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារវា។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា យោងតាមការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើ កម្លាំងខ្ទុបមុខអោយថប់ដង្ហើម ដាច់ខ្យល់ស្លាប់ពិតជាករណីឃាតកម្ម។
ក្រោយពីបានបំពេញនីតិវិធីចប់សព្វគ្រប់សមត្ថកិច្ច បានប្រគល់សពទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស ឆ្នាំណើត១៩៩៩ រស់នៅភូមិល្ហើយ ឃុំ-ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ ។ សមត្ថកិច្ចក៏ សាកសួរហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕



មតិយោបល់