ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីនារីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ស្ថិតលើស្ពានជ្រោយចង្វារចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីខាងលើឈ្មោះ ទៀង អាយុ ២២ឆ្នាំ មុខរបរ លក់កាហ្វេ សព្វថ្ងៃជាក្មេងកំព្រា រស់នៅតែម្នាក់ឯង ស្នាក់នៅភូមិកៀនស្វាយ ខេត្តកណ្តាល។
មូលហេតុ៖ តូចចិត្តហ្នឹងពាក្យសម្ដីពេបជ្រាយឌឺដង មើលងាយពីអ្នកជុំវិញ ម្យ៉ាងខ្លួនជាក្មេងកំព្រាគ្មានសាច់ញាតិ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញនារីរងគ្រោះ ដើរឡើងស្ពានជ្រោយចង្វារចាស់តែម្នាក់ឯង ក្នុងសភាពយំបណ្ដើរដើរបណ្ដើរ មិនដឹងថា មានរឿងអ្វីនោះទេ? ឃើញដូច្នោះ ប្រជាពលរដ្ឋនៅក្បែរនោះ ធ្វើការឃាត់សួរនាំ នឹកក្រែងនាងគិតខ្លីលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីសួរនាំរួច ទើបថា នាងពិតជាមានបំណងចង់លោតទឹកសម្លាប់ខ្លួនមែន ហើយក៏នាំគ្នានិយាយលួងលោមឲ្យនាងទន់ចិត្ត និងចុះមកក្រោមវិញ។
បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា នាងជិះម៉ូតូកង់បីចេញពីកៀនស្វាយមកស្ពានជ្រោយចង្វារ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ព្រោះទ្រាំនឹងពាក្យមើលងាយពីមនុស្សជុំវិញខ្លួនលែងបាន ហើយក៏មិនចង់ដឹង មិនចង់ឮនៅពាក្យទាំងអស់នោះទៀត ទើបសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។
ករណីនេះ ក្រោយពីកើតហេតុបន្ទាប់ពីមានប្រជាពលរដ្ឋ បាននិយាយពន្យល់ណែនាំលួងលោមលើកទឹកចិត្ត នារីរងគ្រោះក៏បានឈប់គិតខ្លី រួចបានហៅម៉ូតូកង់បីជិះត្រលប់ផ្ទះរបស់នាងវិញ៕
មតិយោបល់