ព័ត៌មានជាតិ

ករណីឃាតកម្ម សម្លាប់ស្ត្រីភេទទី៣! ព្រឹកនេះ ម្ដាយតារាចម្រៀង ពេជ្រ សូលីកា ត្រូវបញ្ជូនទៅតុលាការហើយ

ភ្នំពេញ: ជនសង្ស័យករណីឃាតកម្ម ដែលសម្លាប់ស្ត្រីភេទទី៣ ត្រូវ​បានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃពុធ ទី ១៥ ខែមករា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ត្រូវជាម្ដាយតារាចម្រៀង ពេជ្រ សូលីកា)។ ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេ នៅក្នុងផ្សារដេប៉ូ។

បទល្មើសប្រព្រឹត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ០០នាទីយប់ ត្រង់ចំណុចក្នុងផ្ទះលេខL42A ផ្លូវលេខV16A (បុរីវីឡាថោន) ស្ថិតភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖ ចិញ្ចៀនពេជ្រចំនួន២វង់(០១វង់មានដាំពេជ្រធំល្មមចំនួន០៣គ្រាប់ និង០១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ ) ។

ដំណើររឿង៖ កាលពីវេលាកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង (មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា) នៅចំណុចកើតហេតុខាងលើ ពេលនោះ ជនសង្ស័យបានឃើញជនរងគ្រោះ ពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា ក៏ខឹងប្រច័ណ្ឌ (ដោយដឹងថា ជនរងគ្រោះមានទំនាក់ទំនង ជាមួយស្រីផ្សេងទៀត) ជនសង្ស័យ បានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យទើបមានទំនាស់វាយប្រតាយប្រតប់គ្នា ខណ:នោះជនរងគ្រោះមានអាការ:ទន់ដៃ.ជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យយកខ្សែអាវ ធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយ រហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ។ លុះស្អែកឡើង វេលាម៉ោង ១៣ និង ៤០នាទី ជនសង្ស័យបានឲ្យក្រុមគ្រួសារមករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះស្លាប់ក្នុងផ្ទះរបស់ខ្លួន។

បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ ចុះមកពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ឃើញមានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏នាំខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យព្យាយាមឆ្លើយភូតកុហក់អស់រយ:ពេលយ៉ាងយូរ ទើបព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ។
ជាមួយគ្នានោះឈ្មោះ សុខ នី (ត្រូវជាបងស្រីបង្កើតជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់