ព័ត៌មានជាតិ

កម្លាំងចម្រុះចុះបង្ក្រាបភោជនីយដ្ឋានយីហោ«បាត់អូន»ល្មើសវិធានការ ឃាត់ខ្លួនមនុស្ស៣០នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោករាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបភោជនីយដ្ឋានមួយកន្លែងយីហោ«បាត់អូន» ដែលបានប្រព្រឹត្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៣០នាក់។

ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១​ ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ក្រុមទី២៦​ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនោះដឹកនាំកម្លាំងដោយលោកទៀវសំអឿននិងលោកកែវសុភាអភិបាលរងខណ្ឌទួលគោកនិងលោកវរសេនីយ៍ទោនាក់សាន្តអធិការរងនគរបាលខណ្ឌទួលគោក។

ការបង្ក្រាបភោជនីដ្ឋាន«បាត់អូន»នេះត្រូវបានអាជ្ញាធរខណ្ឌទទួលគោកបញ្ជាក់ឱ្យដឹងថាថៅកែហាងបានបំពានមិនគោរពវិធានការរដ្ឋបាលស្ដីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ប្រភេទDeltaបំប្លែងថ្មីនៅក្នុងរាជធានីភ្នំពេញដែលបានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំកូវីដ-១៩និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយ:ពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១។

បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការគឺបានឃើញមានការប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុងហាងនេះចំនួន០៣តុនិងមានការចាក់ភ្លេងកំដរអារម្មណ៍ដោយមានភ្ញៀវចំនួន១៨នាក់ស្រី០៧នាក់និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់។

មនុស្សទាំង៣០នាក់ខាងលើត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩គឺពួកគេអវិជ្ជមាន។ទន្ទឹមនោះក្រុមប្រតិបត្តិការក៏បានសម្រេចបិទហាងជាបណ្តោះអាសន្នរង់ចាំការសម្រេចជាក្រោយ។ដោយឡែកមនុស្សចំនួន៣០នាក់នេះផងដែរត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់