ព័ត៌មានជាតិ

ក្មេងទំនើងម្នាក់ ក្នុងចំណោម៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន

បន្ទាយមានជ័យៈ ក្មេងទំនើងម្នាក់ ក្នុងចំណោម៨នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានវាយទៅលើ ជនរងគ្រោះម្នាក់ នៅវេលាម៉ោង១រំលងអធាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦

ស្ថិតនៅចំណុចខាងជើង កាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ ឲ្យដឹងថា ជនរងគ្រោះម្នាក់ ដែលត្រូវក្មេងទំនើង វាយធ្វើបាបនោះមានឈ្មោះ ឈឿត ឈឿយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មន្ត្រីដដែល បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាន មកអង្គុយលេង នៅវាលស្មៅ ខាងជើងកាស៊ីណូផ្កាយប្រាំ រួចបានមួយសន្ទុះមក ស្រាប់តែពេលនោះ មានរថយន្តមួយគ្រឿង មានក្មេងទំនើង ចំនួន៨នាក់ ស្រាប់តែជិះមកដល់ចំណុច កើតហេតុនោះ ស្រាប់តែក្មេងទំនើង ទាំង៨នាក់ នោះ ចុះមកវាយ ទៅលើជនរងគ្រោះ ដោយមិនដឹងពីមូលហេតុអ្វី បណ្ដាលឲ្យ ជនរងគ្រោះ របួសបែកក្បាលយ៉ាងដំណំ។ ក្រោយពីធ្វើសកម្មភាព រួចប្រជាពលរដ្ឋ នៅទីនោះ បានរាយការណ៍មកកាន់ អាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យចុះមក ជួយអន្តរាគមន៍។ ក្រោយពីបានទទួលព័ត៌មានហើយ កម្លាំងកងរាជ អាវុធហត្ថ បានចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការ ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ចំណែក៧នាក់ទៀត ឡើងជិះរថយន្តគេចខ្លួនបាត់អស់ ។

មន្ត្រីកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ជនសង្ស័យ ត្រូវបានបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ត។ ក្រោយពីបានសាកសួររួច មកជនសង្ស័យក៏ បានសរភាពថា ខ្លួនគេមានឈ្មោះ វ៉េត វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិសាមគ្គីមានជ័យ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យបាន បន្តឲ្យដឹងទៀតថា ខ្លួនគេ និងបក្សពួកទាំង៧នាក់នេះពិតជា បានវាយទៅលើ ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យត្រូវ កម្លាំងកងរាជអាវុធហត្ថខេត្ត កំពុងសាកសួរបន្តពីមូលហេតុ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី ចំណែកជនសង្ស័យ ៧នាក់ទៀត ត្រូវកម្លាំងអាវុធហត្ថ កំពុងស្រាវជ្រាវស្វែងរក ចាប់ខ្លួនបន្តទៀត ដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់៕

photo_2016-08-18_11-39-07 photo_2016-08-18_11-39-18

មតិយោបល់