ព័ត៌មានជាតិ

មេឃកំពុងធ្លាក់ភ្លៀងខ្លាំង រថយន្តបើករអិលរ៉េចង្កូតជ្រុលទៅបុកម៉ូតូ រងរបួសធ្ងន់ម្នាក់ លើស្ពានបាឡេ

ភ្នំពេញ: ខណ:ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង រថយន្តបើករអិលរ៉េចង្កូតជ្រុលទៅ បុកម៉ូតូមួយគ្រឿង រុញខ្ទប់ជាមួយបង្កាន់ដៃស្ពានបាឡេ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់គ្លីនិកឯកជន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពានបាឡេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8421 បើកបរដោយបុរសម្នាក់ឡើងស្ពានបាឡេ ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-5102 បើកបរឡើងស្ពានបាឡេក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្ត ខណ:ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងធ្វើឲ្យរថយន្តTACOMA រអិលរ៉េចង្កូតជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង រុញខ្ទប់ជាមួយបង្កាន់ដៃស្ពានបាឡេ បណ្តាលឲ្យម៉ូតូ និងរថយន្តរងការខូចខាតដូចគ្នា ឯបុរសជាអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុត្រូវបានគេហៅ រថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ឯម៉ូតូនិងរថយន្តសម្ថកិច្ចចុះមកវាស់វែងយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រង់ចាំភាគីទាំសងខាងមកចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕

មតិយោបល់