ព័ត៌មានជាតិ

កម្មវិធីមេរោគ FluBot កំពុងតែត្រូវបានចែកចាយតាមរយៈសារក្លែងក្លាយ

កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅប្រទេសនូវែលសេឡង់បានចេញសេចក្ដីប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot គឺជាកម្មវិធីមេរោគដែលអាចលួចទាញយកលេខសម្ងាត់ និងព័ត៌មានសំខាន់ៗពីក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់។

ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានផ្ញើសារដោយអះអាងថា ទូរសព្ទរបស់អ្នកប្រើប្រាស់ត្រូវបានវាយលុកដោយកម្មវិធីមេរោគ FluBot ដោយភ្ជាប់មកជាមួយនូវតំណភ្ជាប់ដើម្បីឱ្យពួកគេទាញយកកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរសព្ទ។ ពេលខ្លះទៀតជនខិលខូចបានផ្ញើសារបោកបញ្ឆោតជនរងគ្រោះថា ពួកគេបានខកខានក្នុងការទទួលបញ្ញើពីក្រុមហ៊ុន ហើយបានណែនាំឱ្យពួកគេចុចនៅលើតំណភ្ជាប់ដើម្បីទាញយកកម្មវិធី រៀបចំការដឹកជញ្ជូនឡើងវិញ។

ដើម្បីការពារពីការវាយប្រហារនេះ អាជ្ញាធរបានធ្វើការណែនាំអ្នកប្រើប្រាស់ កុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារទាំងនោះ ព្រោះទូរសព្ទរបស់ពួកគេពុំមានមេរោគប្រភេទនោះទេ ហើយម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកគ្រាន់តែបើកសារនេះកម្មវិធីមេរោគនេះក៏ពុំអាចចូលទៅក្នុងទូរសព្ទបានដែរ។ កម្មវិធីមេរោគនេះអាចចូលទៅក្នុងទូរសព្ទបាន នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារ និងធ្វើការទាញយកកម្មវិធីតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ទោះបីជាកម្មវិធីមេរោគនេះអាចត្រូវបានផ្ញើទៅឱ្យទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ប៉ុន្តែវានឹងមិនអាចជ្រៀតចូលទៅក្នុងទូរសព្ទ iPhone បានឡើយ៕

 

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

មតិយោបល់