ព័ត៌មានជាតិ

រថយន្ត ហ្វតរែនជឺគេចស្កុបពីទៅបុកឌ្រីមកំពុងឈប់អូស ៥ម៉ែត្រ រងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញៈ រថយន្តហ្វតរែនជឺមួយគ្រឿង បានបើកគេចពីម៉ូតូស្កុបពីឈប់នៅខាងមុខ ក៏ទៅបុកម៉ូតូឌ្រីមសង់កំពុងឈប់នៅខាងឆ្វេងដៃ បំណងឆ្លងផ្លូវអូស ៥ម៉ែត្រ រងរបួសធ្ងន់ស្រាលប្រុសស្រី ២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ចំណុចមហាវិថីអូស៊ីអាយស៊ីកែងផ្លូវបេតុង ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាក ហ្វតរែនជឺ ពណ៌ការ៉ុត ពាក់ស្លាកលេខ ភ្នំពេញ 2BL-7737 បើកដោយបុរសម្នាក់។
ម៉ូតូរងគ្រោះម៉ាក ឌ្រីម សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-7390 ជិះ ឌុបគ្នាដោយប្រុសស្រី ២នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូបានជិះតាមផ្លូវតុងពីកើតទៅលិច មកឈប់ចំណុចផ្លូវឆ្លង តែមិនទាន់បានឆ្លងមហាវិថីអូស៊ីអាយស៊ី ព្រោះឧបសគ្គនៅខាងមុខ ពេលនោះដែលក៏មានម៉ូតូម៉ាក ស្កុបពី មួយគ្រឿងឈប់នៅតាមអែបចិញ្ចើមផ្លូវខាងកើត ស្រាប់តែរថយន្តហ្វតខាងលើ បើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្ត បានគេចពីម៉ូតូស្កុបពីនៅខាងស្តាំដៃមកឆ្វេងដៃ ក៏ជ្រុលបុកម៉ូតូឌ្រីមពេញទំហឹង បណ្តាលឲ្យមនុស្សអូសប្រមាណ ៥ម៉ែត្រ រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។

ក្រោយពេលកើតហេតុគេសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុទាក់ទងរថយន្តដឹកទៅសង្គ្រោះ នៅគ្លីនិកពន្លឺ ឯរថយន្ត និងម៉ូតូ ព្រមទាំងតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌ នាំទៅផ្នែកជំនាញចរាចរណ៍ខណ្ឌ ដើម្បីចាត់ការបន្ត៕

មតិយោបល់