-

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះខ្សែកាបអ៊ុកតិច ដាច់ធ្លាក់ពាសពេញផ្លូវ

ភ្នំពេញ: នៅវេលាម៉ោង០៤និង១០នាទីទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះ ខ្សែកាបអ៊ុកតិច ដាច់ធ្លាក់ពាសពេញផ្លូវ សមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទីតាំងនៅក្បែរស្តុបវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញផ្សែងហុយចេញពីបង្គោលភ្លើង ខណ:ប្រជាពលរដ្ឋរស់នៅក្បែរនោះ មិនទាន់ភ្ញាក់ពីដំណេកនៅឡើយ ស្រាប់តែផ្ទុះបែកផ្កាភ្លើងចេញពីបង្គោលភ្លើង ដែលមានខ្សែភ្លើងនិងខ្សែកាបអ៊ុកតិច ជាច្រើនសរសៃដាច់ធ្លាក់រញ៉េរញ៉ៃ រហូតលេចចេញជាអណ្ដាតភ្លើង ឆាបឆេះបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាចេញពីក្នុងផ្ទះ និងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ដោយមិនអាចគ្រប់គ្រងបាន ប្រជាពលរដ្ឋក៏បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យមកជួយអន្តរាគមន៍ ។

បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ នៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានបាញ់ទឹកពន្លត់រលត់ជាស្ថាពរ ៕

មតិយោបល់