ព័ត៌មានជាតិ

Update៖ ជាងឈើម្នាក់ជិះម៉ូតូដួល ត្រូវរថយន្តបើកកិនស្លាប់ បន្សល់ទុកប្រពន្ធនិងកូនឲ្យនៅកំព្រា

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរាណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយធុនធំបានកិនម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្បែរស្តុបផ្សារដីហុយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សៀក និល អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ០១គ្រឿង ពាក់ស្លាកលេខ ព្រៃវែង 1R-5758 ស្របទិសជាមួយរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3D-9393 មានទិសដៅពីជើងទៅត្បូង ដោយជនរងគ្រោះ ធ្វើដំណើរនៅពីខាងមុខ ។

ប្រភពពដដែលបានឲ្យដឹងទៀតថា ពេលនោះជនរងគ្រោះ ខណ:ពេលដែលកំពុងតែធ្វើដំណើរតែម្នាក់ឯង សង្ស័យផ្លាតចិញ្ចើមផ្លូវបណ្តាលឲ្យរអិលដួល ស្របពេលនោះមានរថយន្តធ្វើដំណើរតាមក្រោម ប្រហែលជាមើលមិនឃើញ ទើបធ្វើដំណើរទៅមុខ បណ្តាលឲ្យកិនជនរងគ្រោះចំក្បាលពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយបន្ត ៕

មតិយោបល់