-

រថយន្តបើកបត់ត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូបុក រងរបួសធ្ងន់ស្រាល០៣នាក់

​បន្ទាយ​មាន​ជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​០២​នាក់​រង​របួសធ្ងន់​ និង​ម្នាក់​រង​របួសស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​និង​រថយន្ត​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥៩​ ស្ថិត​នៅ​ភូមិ​អូរ​អំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ ។​

​ ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​០៣​នាក់​មាន៖ ​១-​ឈ្មោះ​ សុខ​ សាន​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​ 1Q-6957​ របួសធ្ងន់​ ,២-​ ឈ្មោះ​ គិ​ សេនា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ អ្នក​រួម​ដំណើរ​ របួសធ្ងន់​,​ ៣-​ឈ្មោះ​ គិ​ ថេ​វ៉ា​ ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​ អ្នក​រួម​ដំណើរ​របួសស្រាល​ ទាំង​០៣​នាក់​ម្តាយ​និង​កូន​ រស់នៅ​ភូមិ​អូរ​អំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ អ្នក​បើក​ម៉ូតូ​បាន​ធ្វើ​ដំណើរ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ពេល​មក​ដល់​ចំណុច​ខាងលើ​ មាន​រថយន្ត​០១​គ្រឿង​ម៉ាក ​កា​ម៉ា​រី​បា​ឡែ​ន​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2B-1810​ អ្នកបើកបរ​រថយន្ត ​(​មិន​ស្គាល់​អត្តសញ្ញាណ​)​ បាន​បត់​ត្រឡប់​ក្រោយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​បុក​ពីក្រោយ​ ។​ បន្ទាប់ពី​កើតហេតុ​ អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ខូច​ ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ស្រាល ​និង​ម៉ូតូ​ខូច​ស្រាល​ ។​

​ជន​រង​គ្រោះ​ទាំង​០៣​នាក់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​ ។​ ចំណែក​ម៉ូតូ​និង​រថយន្ត​ នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​ និង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ពង្រ​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​តាម​នីតិវិធី​ ៕​

មតិយោបល់