ព័ត៌មានជាតិ

លួចដោះស្លាកលេខរថយន្តបាន១ខែ ស្មានតែរួចខ្លួនត្រូវសមត្ថកិច្ច ស្រាវជ្រាវតាមឃាត់ទាល់តែបាន

ភ្នំពេញ: កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចដោះស្លាកលេខរថយន្ត នៅចំណុចមុខផ្ទះលេខ៨៨៩ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩-០៩-២០២១ វេលាម៉ោង០៣ និង៣៨នាទីទៀបភ្លឺ ។

ជនសង្ស័យ០២នាក់៖១-ឈ្មោះ ជា សារ៉ុម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានេជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) ,២-ឈ្មោះ បិន ចាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានេជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានលួចដោះស្លាកលេខឡាន របស់ជនរងគ្រោះឈ្មោះ រឿង កុសល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៨៨៩ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់៖ ស្លាកលេខរថយន្ត០២សន្លឹក លេខភ្នំពេញ 2BH-1457 ,សម្ភារៈបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាកឆាលី គ្មានស្លាកលេខ ទុលឡឺវី០១ របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់