ព័ត៌មានជាតិ

Update៖ ទាស់ពាក្យសម្តីគ្នា ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដកកាំភ្លើងបាញ់៥គ្រាប់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៨ និង៥០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បុរសម្នាក់បានរងការបាញ់ប្រហារ ពីភាគីជាខ្មាន់កាំភ្លើង ម្ខាងទៀត បណ្តាលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយផ្តើមចេញពីរឿង គ្រោះថា្នក់ចរាចរណ៍បន្តិចបន្តួច កើតឡើងនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ទល់មុខសាលាអន្តរជាតិស្កូល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជុំ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបុរីហុកឆេង សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះរថយន្ដម៉ាកតូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY3468 ជាមធ្យោបាយ ។ ដោយឡែកខ្មាន់កាំភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះរថយន្តម៉ាកតូយូតាព្រុស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW1458 បន្ទាប់ពីបាញ់ប្រហារ ជនរងគ្រោះហើយ បានរត់ខ្លួនបាត់ ។

នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ បើករថយន្តម៉ាកតូយូតាព្រុស ពណ៌ទឹកប្រាក់ មួយគ្រឿង ធ្វើដំណើរតាមស្ពានឥន្ទធនូ ចូលទៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ គាប់ជួនពេលនោះដែរ ក៏ស្រាប់តែមានបុរសម្នាក់ទៀត ជាខ្មាន់កាំភ្លើងបានបើករថយន្តម៉ាក តូយូតាព្រុសដូចគ្នា បានបើកបត់ក្នុងទិសដៅស្របគ្នា ហើយបត់ឆ្វេងក៏ជ្រុលទៅកៀររថយន្តរបស់ជនរងគ្រោះ បណ្តាលឲ្យបាក់ កញ្ចក់មើលក្រោយចំហៀងខាងឆ្វេង ហើយព្យាយាមបើករថយន្តរត់គេច ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែជនរងគ្រោះ បានបើករថយន្តដេញតាមមកកាក់ជាប់ នៅកន្លែងកើតហេតុ ក៏ចុះពីលើរថយន្តមានការទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច ក៏ស្រាប់តែជនបង្កបានដកកាំភ្លើងខ្លី ចេញពីចង្កេះបាញ់ប្រហារ ទៅលើជនគ្រោះចំនួន០៥គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះចំនួន២គ្រាប់ចំភ្លៅក្រលៀនខាងស្តាំ១គ្រាប់ និងមួយគ្រាប់ទៀតត្រូវចំប្រដាប់ភេទ១គ្រាប់ បណ្ដាលឲ្យដេកដួលនៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ ហើយជនបង្កជាខ្មាន់កាំភ្លើង ក៏បានបើករថយន្តរត់គេចខ្លួនបាត់ ។ ក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថចុះទៅកន្លែងកើតហេតុ ហៅរថយន្ដសង្គ្រោះ ដឹកជនរងគ្រោះទៅនៅមន្ទីរពេទ្យ ។

បន្ទាប់សមត្ថកិច្ចបានរកឃើញសម្បកគ្រាប់ផ្ទុះចំនួន៥គ្រាប់ ជាមួយនឹងរថយន្តជនរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនដៃដល់ យកមកចាត់ការតាមផ្លូវច្បាប់ ។

ខណ:ពេលនោះដែរ សមត្ថកិច្ចបានបើកការស្រាវជ្រាវរយ:ពេលជិត៤ម៉ោង ទើបរកឃើញរថយន្តដែលគេស្គាល់ស្លាកលេខ ដែលជនបង្កជិះយកទៅទុកប្លុងចោលជិតផ្សារស៊ីធីម៉ល ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ទើបកម្លាំងសមត្ថកិច្ចធ្វើការស្ទូចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការស្រាវជ្រាវបន្តថែមទៀត ៕

មតិយោបល់