ត្បូងឃ្មុំៈ ក្រោយពីកម្លាំងសហគមន៍នេសាទចុះធ្វើការបង្ក្រាប និងរឹបអូសឧបករណ៍ល្មើសច្បាប់នេសាទ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រែកជីក ស្ថិតក្នុងភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានអ្នកនេសាទល្មើសច្បាប់ទាំងនោះ ប្រដាប់ដោយកាំបិត និងពូថៅមកធ្វើការតវ៉ា រហូតត្រូវបានរដ្ឋបាលជលផលទន្លេបិទ បញ្ជាឲ្យប្រគល់ឧបករណ៍បទល្មើសទាំងនោះឲ្យទៅគេវិញ ដែលធ្វើឲ្យប្រធានសហគមន៍នេសាទសម្ដែងនូវការព្រួយបារម្មណ៍ អំពីបញ្ហាសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ទាក់ទិននឹងភាពមិនប្រក្រតី នៃការដាក់ឧបករណ៍ស្បៃមុងចាប់យកត្រីខុសច្បាប់ខាងលើនេះ គឺត្រូវបង់ប្រាក់ឲ្យទៅមន្ត្រីរដ្ឋបាលជលផល ក្នុងឧបករណ៍ដៃមួយ តម្លៃ៦២ម៉ឺនរៀល ដែលសរុបក្នុងតំបន់ខាងលើមិនក្រោមពី៥០ដៃនោះទេ។
ប្រភពបានបន្តថា ដោយសារតែលាភសក្ការៈ មន្ត្រីរដ្ឋបាលជលផលបានបើកដៃឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍ល្មើសច្បាប់នេសាទ ធ្វើសកម្មភាពបំផ្លាញត្រីគ្រប់ប្រភេទទាំងតូចទាំងធំគ្មានសល់។
ទោះជាយ៉ាងណាការលើកឡើងរបស់ប្រជាពលរដ្ឋ អំពីភាពមិនប្រក្រតី ដែលចោទប្រកាន់ថា មានមន្ត្រីជលផលទទួលលាភសក្ការៈ ជាថ្នូរនឹងការបើកដៃឲ្យប្រើប្រាស់ឧបករណ៍ល្មើសច្បាប់នេសាទនេះ ត្រូវបានមន្ត្រីរដ្ឋបាលជនផលទន្លេបិទ ធ្វើការបដិសេធថា មិនមែនជាការពិតនោះទេ ដោយលោកថាបុគ្គលណាធ្វើ បុគ្គលនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ តែរដ្ឋបាលជនផលរបស់លោក មិនបានធ្វើដូចជាការលើកឡើង របស់ប្រជាពលរដ្ឋនោះឡើយ៕








មតិយោបល់