ព័ត៌មានជាតិ

បុរសម្នាក់ចុះងូតទឹក រអិលជើងធ្លាក់ចូលក្នុងទន្លេ លង់ស្លាប់បាត់សាកសព

ភ្នំពេញៈ បុរសម្នាក់បានចុះងូតទឹកទន្លេមេគង្គលង់ស្លាប់ បាត់សាកសពរកមិនឃើញហើយគួ្រសារគ្មានលទ្ធភាព ជួលអ្នកជំនាញឱ្យចុះមុជរាវរក និងគ្មានលុយធ្វើបុណ្យឡើយ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៥ល្ងាច ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណុចមាត់ទន្លេជាប់វត្តបាក់ខែង ក្នុងភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះជា ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងវត្តខាងលើជាមួយម្តាយ ។

តាមប្រភពព័ត៌មានពីកន្លែង កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនងគ្រោះបានចុះងូតទឹក នៅក្បែរច្រាំងទន្លេមេគង្គ ស្រាប់តែរអិលជើងចូលទៅក្នុងទឹកលិចបាត់តែម្តង ។

រហូតដល់ ម៉ោងប្រហែល០៨យប់ថ្ងៃដដែល ទើបមានគេប្រាប់ក្រុមគ្រួសារសព ដោយគេមិនហ៊ានប្រាប់ស្ត្រីជាម្តាយជនរងគ្រោះទេ ព្រោះខ្លាចគាត់តក់ស្លុតនឹងសន្លប់ រហូតដល់ប្អូនប្រុសជនរងគ្រោះ ត្រឡប់មកពីធ្វើការវិញ ទើបគេប្រាប់ ។

ពេលនោះយប់ជ្រៅទៅហើយ មិនអាចរកទាំងយប់បានទេ លុះព្រឹកឡើងថ្ងៃទី០៣ ខែដដែលក៏ទៅរាយការណ៍ប្រាប់សមត្ថកិចកមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុផងដែរ ។

សពរបស់ជនរងគ្រោះរកមិនទាន់ឃើញនៅឡើយទេ បើគិតត្រឹមថ្ងៃទី០៣ ខែវិច្ចិកា ឆ្នាំ២០២១នេះ ៕

មតិយោបល់