ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យដួល ស្របពេលនោះមានរថយន្ត បើកមកបុកបន្ថែមស្លាប់ម្នាក់

កណ្តាល: នៅថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ លើផ្លូវជាតិលេខ១ ចន្លោះKM ២៩-៣០ ភូមិអង្គរជ័យ ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបើកចេញពីផ្លូវលំ ឆ្លងកាត់ថ្នល់ពីជើងទៅត្បូងយ៉ាងលឿន ទៅបុកជាមួយម៉ូតូម៉ាក HONDA RREAM ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1GN -7291 បើកបរដោយឈ្មោះ ភារុណ ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ (កើតទៅលិច) បណ្តាលឲ្យម៉ូតូនោះដួល ស្របពេលនោះក៏មានរថយន្ត០១គ្រឿង មិនស្គាល់អត្តសញ្ញាញ ប្រភេទទេសចរណ៍ ដែលបើកមកពី ភ្នំពេញទៅអ្នលឿង (ទិសដៅផ្ទុយគ្នា) បានបុកម៉ូតូនោះបន្ថែម រួចបើករថយន្តគេចបាត់ បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ ដែលបើកមកពីអ្នកលឿង នៅកន្លែងកើតហេតុ ។

សពត្រូវបានកម្លាំងសម្ថកិច្ចជំនាញចរាចរណ៍ ស្រុកកៀនស្វាយ ប្រគល់ជូនសាចញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី ។ម៉ូតូខូចស្រាល បានយកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ តាមនីតិវិធី ។ សន្និដ្ឋាន៖ ករណីនេះបណ្តាលមកពី អ្នកបើកម៉ូតូ មិនស្គាល់អត្តសញ្ញាណ បើកធ្វេសប្រហែស មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ថ្នល់ ៕

មតិយោបល់