ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ុតូ ហើយព្យាយាមរត់គេច និងបាញ់គំរាមមួយគ្រាប់ រួចបើករត់បាត់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបុកម៉ូតូ កាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវនរោត្តម កែងផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(នៅខាងជើងផ្សារធំថ្មី)។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្ក បានដកកាំភ្លើងបាញ់មួយគ្រាប់ រួចរត់បាត់ស្រមោល ជនរងគ្រោះតាមរកមិនឃើញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងមិត្តភក្តិមានគ្នាបីម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង ខណ:ដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង(មិនចាំម៉ាក) ធ្វើដំណើរតាមបណ្តោយផ្លូវ១៣០ ក្នុងទិសដៅពីកើតទៅលិច។ ពេលនោះ រថយន្តខាងលើបានបុកម៉ូតូមិត្តភ័ក្តិរបស់ខ្លួនបណ្តាលឱ្យរងរបួស រួចរថយន្តក៏បានបន្តបើករត់ទៅផ្សារថ្មី ភ្លាមៗនោះគាត់បានជិះម៉ូតូដេញតាមឃាត់រថយន្តពីក្រោយ ស្រាប់តែម្ចាស់រថយន្តបើកកញ្ចក់ដកកាំភ្លើងខ្លីបាញ់ដីមួយគ្រាប់ដើម្បីគំរាម (បន្សល់សំបកគ្រាប់នៅទីតាំងកើតហេតុ) រួចបើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការសាកសួរជនរងគ្រោះ ដែលកំពុងមានការភ័យខ្លាច ហើយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សុំមិនដាក់ពាក្យបណ្តឹង និងយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់