បាត់ដំបងៈ គ្រាប់ពោតប្រមាណជិត២០តោន ដែលម្ចាស់បានដាក់បញ្ចូលទៅក្នុងឡ ដើម្បីដុតភ្លើងសម្ងួត នៅទីបំផុតគ្រាប់ពោតទាំងនោះ ឆេះខ្លោចគ្មានសល់ បើគិតជាទឹកប្រាក់សរុបទាំងការខូចខាតឡសម្ងួតផងនោះ គឺអស់ប្រមាណជា ៦ពាន់ដុល្លារអាមេរិក ខណៈដែលម្ចាស់ភ្លេចខ្លួន និងមានការធ្វេសប្រហែស ។
លោក គឹម ប៊ុនធឿន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា ករណីភ្លើងឆេះឡសម្ងួតគ្រាប់ពោតនេះ បានកើតឡើងនៅវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ហើយឡនេះ គឺជាកម្មសិទ្ធិរបស់ឈ្មោះ កាំង ឡៃគីម ភេទ ស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
តាមការរៀបរាប់ពីម្ចាស់ឡ បានឲ្យដឹងថា ឡសម្ងួតពោតនេះ ផ្នែកខាងក្នុង មានទំហំ ៦ម៉ែត្រ គុណ១២ម៉ែត្រ ដែលអាចដាក់គ្រាប់ពោតដើម្បីសម្ងួតបានប្រមាណជិត២០តោន។ ដូច្នេះគ្រាប់ពោតទាំងអស់នេះ ត្រូវឆេះខូចខាតទាំងស្រុង បើគិតជាទឹកប្រាក់ប្រមាណ ៣ពាន់ដុល្លារអាមេរិក ព្រមទាំងមានការខូចខាតតួឡទាំងស្រុងដែរ ដែលស្មើនឹង ទឹកប្រាក់ ៣ពាន់ដុល្លារដូចគ្នា សរុប ៦ពាន់ដុល្លារ ។
នៅក្នុងពេលកើតហេតុនោះដែរ ទាំងកម្លាំងអធិការដ្ឋាន និងកម្លាំងការិយាល័យជំនាញ បានចេញប្រតិបត្តិការដើម្បីធ្វើការបាញ់ពន្លត់ ការទប់ស្កាត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃដដែល ដោយនេះគឺជាការធ្វេសប្រហែសមួយរបស់ម្ចាស់ឡ៕
មតិយោបល់