ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១៩ និង ០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងម៉ូតូចំនួន០២គ្រឿង ត្រង់ចំណុចលើផ្លូវបេតុង៣០ម៉ែត្រ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សប្រុស០២នាក់ ស្លាប់មួយនិងរបួសស្រាលមួយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ១-ភាគីម៉ូតូម៉ាក Today ពណ៌ ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FH.4737 បើកបរដោយឈ្មោះ វេត វណេ្ណត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាអ្នកឆុងកាហ្វេលក់ មានទីលំនៅភូមិគោក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យឯកជនម្លិះដង្កោ) ជនរងគ្រោះជាកូនកំព្រាគ្មានឪពុកម្តាយ ខណៈជិះម៉ូតូចេញពីកន្លែងធ្វើការ ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ។ ២-ភាគីម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GS-8355 បើកបរដោយឈ្មោះ គេង ស្រស់ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរតន្ត្រីករ មានទីលំនៅភូមិបឹងតាឆូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (បានរងរបួសស្រាលកំពុងសំរាកព្យាបាល នៅគ្លីនិកម្លិះដង្កោ) ។ ចំណែកទី៣-ភាគីខាងរថយន្តបង្កម៉ាក TRACTOR HEAD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-871 (អ្នកបើកបរពុំស្គាល់អត្តសញ្ញា ណបានរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ) ។
ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូ C125 បើកបរពីលិចទៅកើតម៉ូតូ Today បើកបរពីកើតទៅលិច លុះពេលមកដល់ត្រង់ចំណុចកន្លែងកើតហេតុ រថយន្តបានបើកកៀរម៉ូតូ C125 បោកដួលរួចក៏បានទៅបុកម៉ូតូ Today ពេញមួយ ទំហឹងតែម្តង ។
បច្ចុប្បន្នៈ គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅអោយការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ។ ចំណែកសាកសព ត្រូវបានប្រគល់ជូនទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់