ព័ត៌មានជាតិ

យុវជន២ក្រុមផឹកស៊ីស្រវឹងខឹងគេមើលមុខ ស្រាប់តែវាយគ្នាផ្អើលពេញក្នុងហាង យីហោ shadowpub

ភ្នំពេញ: យុវជនយុវតីមួយក្រុមមានគ្នា៥នាក់ បានចូលទៅផឹកស៊ី នៅហាង shadowpub មិនទាន់បានកម្ម៉ង់អីញ៉ាំផងស្រាប់តែយុវជន មួយក្រុមទៀត ជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ម្ចាស់ហាង បានចោទពួកគេថាមើលមុខឌឺដង ក៏ព្រួតគ្នាវាយមកលើយុវជនយុវតីទាំង៥នាក់ តែម្តង ក៏កើតជាហិង្សាដេញវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានអ្នករងរបួសទាំងសងខាងរួមទាំងម្ចាស់ហាងក៏ចូលរួម វាយតប់ ក្នុងហេតុការណ៍នោះផងដែរ ផ្អើលសមត្ថកិច្ចខណ្ឌជ្រោយចង្វា ចុះអន្តរាគមន៍បំបែកភ្លាមៗផងដែរ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចហាងផឹកស៊ីយីហោ shadowpub ផ្លូវOCIC សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ប្រភពពីយុវជនយុវតីដែលអះអាងថា ខ្លួនជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកខ្លួននិងម្ចាស់ហាងកើតហេតុ ជាមនុស្សធ្លាប់ស្គាល់ គ្នា ។ ហើយមុនពេលកើតហេតុ ពួកគាត់មានគ្នា៥នាក់ ប្រុស៣នាក់ និងស្រី២នាក់ បានចូលទៅហាងផឹកស៊ីខាងលើ គោលបំណងមក ផឹកស៊ី រាំសប្បាយធម្មតា ។

ខណ:ចូលទៅដល់ក្នុងហាង ក៏មានយុវជនមួយក្រុមទៀត ជាមិត្តភ័ក្ដិម្ចាស់ហាង មានគ្នាច្រើនប្រមាណ ជា១០នាក់ បានផឹកស្រវឹង និងកំពុងរាំលេងសប្បាយ នៅក្នុងហាងនោះ ហើយពួកខ្លួនមិនទាន់បានអង្គុយតុ ស្រួលបួលផង ស្រាប់ក្រុម ជនបង្ក ជាមិត្តភ័ក្ដិជិតស្និទ្ធ របស់ម្ចាស់ហាងបានចោទប្រកាន់មិត្តភ័ក្ដិខ្លួនម្នាក់ថា មើលមុខឌឺដងនិងបានចង្អុលមុខថែមទាំងចូលមកវៃ ទាំងកម្រោល លើពួកខ្លួន ទាំងប្រុសទាំងស្រី ហើយម្ចាស់ហាងក៏បិទភ្លើងហាងភ្លាមៗ និងបានចូលរួមវាយតប់ក្នុងហេតុការណ៍នោះផងដែរ ។

ភ្លាមៗនោះពួកខ្លួនក៏បានតដៃវិញ ក៏ត្រូវក្រុមមិត្តភ័ក្ដិម្ចាស់ហាង ទាញកែវស្រាគប់ត្រូវមិត្តភ័ក្ដិខ្លួនម្នាក់ បែករយះក្រោមភ្នែកខាងស្តាំ និងមិត្តភ័ក្ដិប្រុសស្រីផ្សេងទៀត របួសជាំពេញខ្លួន ។ ហើយពួកខ្លួនក៏ប្រតាយប្រតប់ទៅវិញ ត្រូវម្ចាស់ហាងរបួសចង្កា កើមវិញក៏បង្កការ ភ្ញាក់ផ្អើលពេញដងផ្លូវ និងហាងផឹកស៊ីផ្អើលសមត្ថកិច្ចអន្តរាគមន៍ពិសេស ខណ្ឌជ្រោយចង្វា ចុះអន្តរាគមន៍បំបែកភ្លាមៗផងដែរ ។

ចំណែកភាគីខាងម្ចាស់ហាង និងមិត្តភ័ក្ដិបដិសេធមិនផ្តល់បទសម្ភាសន៍ទេ និងបាននាំគ្នារត់គេចខ្លួនម្តងម្នាក់ៗ បាត់ស្រមោលអស់ ហើយបុរសដែលជាម្ចាស់ហាង បានអះអាងថា ហាងខ្លូនមានកាមេរ៉ាសុវត្ថិភាព ថតគ្រប់សកម្មភាពទាំងអស់ចង់ដឹងអ្នកណាខុស អ្នកណាត្រូវឆែកមើលទៅដឹងហើយ តែបាននិយាយមិនព្រមឆែកឲ្យសមត្ថកិច្ចមើលជាក់ស្ដែង ។

ក្រោយកើតហេតុក្រុមជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ចំណែកបុរសម្ចាស់ហាងក៏ទៅដាក់ពាក្យ បណ្ដឹងដូចគ្នា ហើយសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងទាំងសងខាង រង់ចាំស្អែកព្រឹកចុះឆែកកាម៉េរ៉ាសុវត្ថិភាពក្នុងហាងនិងដោះស្រាយ ម្តងទៀត នៅពេលក្រោយ ៕

មតិយោបល់