ព័ត៌មានជាតិ

Update៖ ចេញពីផឹកស៊ី ដឹកនារីបម្រើការក្នុងហាងជូនទៅផ្ទះ ជិះម៉ូតូបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ចេញពីផឹកស៊ីនៅហាងមួយកន្លែង ដោយបានដឹកនារីម្នាក់ជាបុគ្គលិកហាង ដើម្បីជូននាងទៅផ្ទះ បានជិះម៉ូតូជ្រុលបុកខឿនចែកទ្រូងផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ នារីរួមដំណើរជាមួយបានរងរបួសស្រាល ទីតាំងកើតហេតុ នៅមុខបុរីឡុងនី តាមបណ្តោយផ្លូវបេតុទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាអ្នកលក់ផលិតផល ស្នាក់នៅបុរីពិភពថ្មីចម្ការដូង មានស្រុកកំណើតនៅស្រុកកំពង់បែក ខេត្តព្រៃវែង ។

នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FM-8194 បានចូលទៅផឹកស៊ី នៅហាងទូកុងទីន័រ មួយកន្លែង រួមនឹងមិត្តភក្តិពីរបីនាក់ទៀត ខណ:ផឹកស៊ីនោះបានស្គាល់នារីម្នាក់ ជាបុគ្គលិកបម្រើការនៅហាងកើតហេតុ ។ ក្រោយពីឈប់ផឹកស៊ី ជនរងគ្រោះបានឌុបនារីជាបុគ្គលិក ដើម្បីជូននាងទៅផ្ទះ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ជនរងគ្រោះបានដកទូរស័ព្ទនិយាយ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ចំណែកនារីអ្នករួមដំណើរបានរងរបួសស្រាល ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ធ្វើការពិនិត្យវាស់វែង យកម៉ូតូទៅរក្សាទុក ជាបណ្ដោះអាសន្ន តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់