ព័ត៌មានជាតិ

រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា នៅផ្លូវជាតិលេខ១ បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង០១ និង១៤ នាទីយប់ឈានចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តចំនួន០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង យ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមរយៈក្រុមការអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ ទីតាំងកន្លែងកើតហេតុ បានធ្វើបទសម្ភាសន៍ជុំវិញករណីនេះ ដោយបានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា មានរថយន្ត០៣ គ្រឿងបុកបន្តបន្ទុយគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ១ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង ។

ហេតុការណ៍ករណីខាងលើនេះ៖ ទី១-មានរថយន្តម៉ាកវីកូ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2-8988 ។ រីឯទី២-រថយន្តម៉ាក ឡិចស៊ី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M-9071។ និងទី៣-រថយន្តម៉ាក តាកូម៉ា មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកភ្នំពេញ 2AV-9928 ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនៅមិនទាន់ ទទួលបានប្រភពច្បាស់ការណាមួយបញ្ជាក់ប្រាប់ថា ខាងណាខុសខាងណាត្រូវនោះទេ នេះគ្រាន់តែជាព័ត៌មាន បឋមតែប៉ុណ្ណោះ ។

ប៉ុន្តែរថយន្តទាំង០៣គ្រឿងខាងលើនេះ បានបុកបន្តបន្ទុយគ្នា នៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពីទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ធ្វើឲ្យរថយន្តទាំង០៣គ្រឿងនោះ រងការខូចខាតយ៉ាងដំណំទាំងសងខាង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពីទី២ ចុះមកដល់ទីតាំងកន្លែង កើតហេតុធ្វើការពិនិត្យ ។ បន្ទាប់មកឲ្យម្ចាស់ភាគីពាក់ព័ន្ធទាំងសងខាង ធ្វើការដោះស្រាយគ្នា នៅកន្លែងកើតហេតុ ។ បើដោះស្រាយគ្នាមិនត្រូវនោះទេ កម្លាំងសមត្ថកិច្ចជំនាញនឹងធ្វើការវាស់វែង យកវត្ថុតាងទាំង០៣គ្រឿងទៅរក្សា ទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀតតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ គឺគ្រាន់តែរងការខូច ខាតផ្នែករថយន្តទាំង០៣គ្រឿងតែប៉ុណ្ណោះ ៕

មតិយោបល់