ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង តាមស្វែងបង្រ្កាបចាប់ខ្លួនបានជនសង្ស័យ ៣នាក់ដល់ខេត្តកំពង់ឆ្នាំង ក្រោយជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច ១គ្រឿង និងទូរស័ព្ទដៃអាយហ្វូន ១គ្រឿងពីជនរងគ្រោះនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈជនរងគ្រោះឌុបសង្ស័យទាំង ៣នាក់ ពីខាងមុខហ្រ្គេនភ្នំពេញទៅទឹកដីខណ្ឌជ្រោយចង្វារ។
ការបង្រ្កាបចាប់ខ្លួនជនសង្ស័យចោរប្លន់ទាំង ៣នាក់ បានសម្រេចនៅពេលនេះអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវស្វែងរកបង្រ្កាបជនល្មើសក្នុងអំពើប្លន់នេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថាកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីប្រព្រឹត្តអំពើហិង្សា ព្រួតគ្នាវាយជនរងគ្រោះម្នាក់ឈ្មោះ ឆៃ គឹមលៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨អា ផ្លូវលេខ២៣៤ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ប្លន់យកម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៣ ចំនួន០១គ្រឿង និងទូរសព្ទដៃ ១គ្រឿងម៉ាក អាយហ្វូន៦ ស្ថិតនៅចំណុចព្រៃត្រែងក្បែរសួនសត្វសាហ្វារី ផ្លូវបេតុង ក្រុម១៧ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។
មុនពេលកើតហេតុជនសង្ស័យទាំង ៣នាក់ ធ្វើដំណើរដោយថ្មើរជើងចេញពីកន្លែងសុំការងារធ្វើនៅហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ លុះជនសង្ស័យ ដើរចេញមកដល់ខាងមុខហ្គ្រេនភ្នំពេញ ក៏បានជួបជនរងគ្រោះដែលជាមនុស្សប្រុស(ភេទទី៣) កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៣ តែម្នាក់ឯង ពេលនោះជនរងគ្រោះ ក៏បានបបួលជនសង្ស័យទាំង ៣នាក់ រួមភេទជាមួយខ្លួន នៅចំណុចដីឡូតិ៍គ្មានលេខជិតហ្គ្រេនភ្នំពេញ។ ពេលនោះជនសង្ស័យទាំង ៣នាក់ ក៏បានរៀបចំគម្រោងធ្វើជាយល់ព្រមរួមភេទជាមួយជនរងគ្រោះ ប៉ុន្តែមុនរួមភេទគឺជនសង្ស័យបានឱ្យជនរងគ្រោះដឹកពួកវាទាំង ៣នាក់ ទៅកន្លែងពួកវាធ្វើការងារជាកម្មករសំណង់នៅការដ្ឋានសំណង់មួយកន្លែង នៅចំណុចខាងលើ។ បន្ទាប់មកជនរងគ្រោះក៏យល់ព្រមដឹកជនសង្ស័យទាំង ៣នាក់ ដោយជិះម៉ូតូ ១គ្រឿងគ្នា ៤នាក់ ហើយជនរងគ្រោះជាអ្នកបើក ពេលទៅដល់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ ហើយហៅជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ ដើរចូលទៅក្នុងព្រៃត្រែងដើម្បីរួមភេទជាមួយខ្លួន។ ពេលទៅដល់ក្នុងព្រៃត្រែងជនសង្ស័យម្នាក់នោះ ធ្វើជាពុំព្រមរួមភេទជាមួយជនរងគ្រោះទេ ហើយដើរចេញមកវិញ។ ភ្លាមនោះជនសង្ស័យទាំង ៣នាក់ក៏បានដើរទៅចូលក្នុងព្រៃត្រែងសំដៅរកជនរងគ្រោះវិញ ហើយពួកវាក៏ ចាប់ដៃជនរងគ្រោះគ្រៀកទៅក្រោយនឹងវាយផ្តួលជនរងគ្រោះទៅលើដី បណ្តាលឱ្យសន្លប់បន្ទាប់មកជនសង្ស័យក៏បាននាំគ្នាឆែកលើខ្លួនជនរងគ្រោះយកបានសោម៉ូតូ និងទូរសព្ទដៃម៉ាកអាយហ្វូន ៦ រួចក៏រត់ចេញពីព្រៃត្រែងជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះក្រោយពីដឹងខ្លួនពីសន្លប់ក៏រត់ចេញពីព្រៃត្រែង ហើយបានជួបជាមួយអ្នកបើកបររថយន្ត ក៏ទូរសព្ទហៅបងប្អូនដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា–ចិន សែនសុខដើម្បីព្យាបាលរបួស ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា។ ក្រោយពីមានអំពើប្លន់ខាងលើនោះហើយ កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះស្រាវជ្រាវស៊ើបអង្កេត នឹងឈានទៅដល់កំណត់មុខសញ្ញាជនសង្ស័យទាំង ៣នាក់ ហើយទទួលព័ត៌មានដឹងថា ជនសង្ស័យបាននាំគ្នារត់គេចខ្លួនដល់ខេត្តកំពង់ឆ្នាំង។ កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ក៏បង្រ្កាបចាប់ខ្លួនជនសង្ស័យបានទាំង ៣នាក់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុច កំពង់ដរមុខប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងចាប់យកម៉ូតូចំនួន ០១គ្រឿង និងទូរសព្ទដៃ០១គ្រឿងជារបស់ជនរងគ្រោះបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង ៣នាក់៖
១-ឈ្មោះ ញឹម សាវីន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់ ។
២-ឈ្មោះ ញឹម នៅ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់។
៣-ឈ្មោះ ថន ស៊ីថា ភេទប្រុស អាយុ ១៥ឆ្នាំមុខរបរ កម្មករសំណង់ពួកគេស្នាក់នៅបណ្តោះអាសន្នស្ថិតនៅ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យទាំងនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ដោយរងការ ចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា៕
មតិយោបល់