ក្រុមអេស្ប៉ាញជើងឯក Europa League ឆ្នាំមុន Villarreal ជាក្រុមក្រោយគេដែលឡើងវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយយកឈ្នះនៅទឹកដី Atalanta ៣-២។ ការប្រកួតរវាងក្រុមទាំងពីរត្រូវបានលើកពេលមួយថ្ងៃ ដោយសារបញ្ហាអាកាសធាតុកាលពីយប់ថ្ងៃពុធដែលមានព្រិលធ្លាក់ខ្លាំង។
ក្រុមជើងឯក Europa League, Villarreal បាននាំមុខមុនដល់ទៅ ៣គ្រាប់នៅទឹកដី Atalanta ដោយ Arnaut Danjuma នៅនាទីទី៣ និង ៥១ ខណៈ Etienne Capoue រកបានមួយគ្រាប់នៅនាទីទី៤២ មុនចប់វគ្គទី១។ ក្រុមម្ចាស់ផ្ទះ Atalanta ដែលត្រូវការជ័យជំនះដាច់ខាតដើម្បីឡើងវគ្គបន្តនោះ ក៏តាមបានពីរគ្រាប់វិញដោយ Ruslan Malinovskyi នាទីទី៧១ និង Duvan Zapata នាទីទី៨០ តែយឺតពេលទៅហើយខណៈការប្រកួតបញ្ចប់ទៅដោយ Villarreal យកឈ្នះក្នុងលទ្ធផល ៣-២ នេះ។
ជ័យជំនះនេះធ្វើឱ្យ Villarreal ឡើងវគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ ២ ក្នុងពូល F មាន ១០ពិន្ទុខណៈក្រុមលេខ ១ គឺ Manchester United មាន ១១ពិន្ទុ។ ចំណែក Atalanta បញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ ៣ នៅសល់កៅអីនៅ Europa League៕




មតិយោបល់