ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច នៅស្រុកកោះធំ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ព.ស២៥៦៥ត្រូវ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៤ និង០០ នាទីទាបភ្លឺ មានករណីអំពើលួច (រថយន្ត) នៅចំណុច មុខផ្ទះរបស់ជនរងគ្រោះឈ្មោះ ហេង សុផល ស្ថិតនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ (ម្ចាស់រថយន្ត)ឈ្មោះ ហេង សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកោះធំ ខេត្តកណ្តាល។
ជនសង្ស័យ (ឃាត់ខ្លួនបាន) ឈ្មោះ អ៊ុយ ដែន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ នៅភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (មានសារធាតុញៀនក្នុងទឹកនោម)។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូហុងដាគុបជ្រុងកែច្នៃ កម្លាំង៧០cc ពណ៌ទឹកប៊ិចចាស់ គ្មានស្លាកលេខ។

តាមការបំភ្លឺរបស់ឈ្មោះ ស ថេង (ត្រូវជាឪពុករបស់ជនរងគ្រោះ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៤ និង០០នាទីទៀបភ្លឺ ឪពុកជនរងគ្រោះបានភ្ញាក់ពីដំណេកដើម្បីចូលទៅបន្ទប់ទឹក ពេលគាត់បានចេញពីបន្ទប់ទឹកវិញ ស្រាប់តែបានលឺសំឡេងបញ្ឆេះរថយន្តរបស់កូនគាត់ចំនួន ២ដង គឺរថយន្ដម៉ាក CANTER (បែន)​ ពណ៌ខៀវ ស្លាកលេខ តាកែវ 3A-2744 ភ្លាមនោះគាត់ក៏បានបើកទ្វារផ្ទះទៅមើល ពេលដើរដល់ចំណុចរថយន្ដ ក៏បានបើកទ្វាររថយន្ដស្រាប់តែប្រទះឃើញជនសង្ស័យចំនួនម្នាក់ខាងលើបានដេកពោប នៅលើពូករថយន្ត និងកំពុងធ្វើសកម្មភាពបញ្ឆះរថយន្តខាងលើ ភ្លាមនោះជនសង្ស័យក៏បានរត់គេចចេញពីរថយន្តទៅដោយបន្សល់ទុកម៉ូតូ ០១គ្រឿងខាងលើ បន្ទាប់មកឪពុកជនរងគ្រោះ បានហៅជនរងគ្រោះនិង ស្រែកហៅប្រជាពលរដ្ឋនិង ប្រជាការពារនៅក្បែរៗនោះ ដើម្បីស្វែងរកជនសង្ស័យ មួយស្ទុះក្រោយមក ជនសង្ស័យក៏បានដើរមករកយកម៉ូតូខ្លួនវិញ រួចហើយឪពុកជនរងគ្រោះ និងជនរងគ្រោះ ព្រមទាំងប្រជាការពារឃើញដូចនេះ ក៏បានឃាត់ទុក និង រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីជួយអន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់ និងធ្វើការនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសួរនាំ និងបន្តនីតិវិធី។

បច្ចុប្បន្នជនសង្ស័យរួមនឹងមធ្យោបាយម៉ូតូ ខាងលើ បានបញ្ជូនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់