កោះកុងៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងរថយន្តជិះបញ្ច្រាស់ទិសគ្នា នៅចំណុចផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល បណ្ដាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ ០១ នាក់(ស្រី)។
អ្នកបើកបរម៉ូតូ ឈ្មោះ ឆេន ណែត ភេទស្រី អាយុ ១៣ ឆ្នាំ មុខរបរសិស្ស បានស្លាប់បាត់បង់ជីវិត បើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខកណ្ដាល1B -3132 និងអ្នករួមដំណើរ ជាម្ដាយឈ្មោះ អែក ឈិន (គ្មានមួកសុវត្ថិភាព) អាយុ៣១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកនិងរថយន្តកាំម៉ារី ចំពីមុខ ។ ចំណែក អ្នកបើកបរឈ្មោះអាត លេ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល បើកបររថយន្តម៉ាកកាំម៉ារី ពណ៌ស្លែពាក់ស្លាកលេខកំពង់ស្ពឺ 2A-0997 ។
មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺដោយសារតែ អ្នកបើករថយន្តប្រើប្រាស់ល្បឿនលឿនលើផ្លូវកោងក្រាលក្រួសក្រហម រេចង្កូតចូលមកទ្រូងផ្លូវខាងឆ្វេងបុកនឹងម៉ូតូតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ចំណែកអ្នកស្លាប់ សមត្ថកិច្ចបានប្រគល់សាសពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន ម៉ូតូ និងរថយន្តសមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល រងចាំការដោះស្រាយតាមនិតិវិធី៕
មតិយោបល់