ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាព លួចម៉ូតូ១គ្រឿងបានសម្រេច ហើយជិះគេចខ្លួន ឆ្លងកាត់តាមគោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១-ឈ្មោះ ឡៅ ឆាយ អាយុ២០ឆ្នាំ ស្នាក់នៅម្តុំទួលពង្រ មានស្រុកកំណើត នៅខេត្តតាកែវ ។ទី២-ឈ្មោះ ចាន់ តូច អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំទួលពង្រ មានស្រុកកំណើតនៅស្រុក កំចាយមារ ខេត្តព្រៃវែង ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាព្រឹកនោះ ខណៈកងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខសួនវឌ្ឍនៈ២ បានឃើញជនសង្ស័យទាំង២នាក់នោះ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1I-0480 អត់មានកញ្ចក់បានឌុបគ្នា ព្រមទាំងអត់ពាក់មួក សុវត្ថិភាពថែមទៀតផង ។
នគរបាលបានបញ្ជាក់ទៀតថា ពេលនោះកម្លាំងក៏បានឃាត់ សួររកឯកសារ តែអត់មានទាំងអស់ ទើបឈានដល់ការឆែកឆេរ ហើយរកឃើញឧបករណ៍កាច់កម៉ូតូមួយចំនួន ។ បន្ទាប់មកជនសង្ស័យ បានសារភាពថាម៉ូតូនេះខ្លួនទើបលួចបានពីក្នុងសួន ឧស្សាហ៍កម្មកាណាឌីយ៉ា ហើយជិះគេចខ្លួន ក៏ត្រូវនគរបាលឃាត់ខ្លួនយកមកសាកសួរតែម្ដង ៕





មតិយោបល់