ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តយ៉ាងលឿន មកដល់ចំណុចស្តុបបេកាសេ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត កំពុងឈប់ស្តុប ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2B – 8809 បើកដោយបុរសម្នាក់ក្នុងភាពស្រវឹងស្រា (គេស្គាល់ថាឌីជេតាប៊ុយ) ។ ចំណែករថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាក តូយ៉ូតា Prius ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AH-7048 ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកតាមបណ្ដោយមហាវិថីព្រះមុនីវង្ស មានទិសដៅពីត្បូង ទៅជើង បោះពួយយ៉ាង លឿន ចំណែកឯរថយន្តរងគ្រោះនោះវិញ បើកបរស្របទិសគ្នានៅខាងមុខ ។ លុះពេលធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបុករថយន្តរងគ្រោះពីក្រោយពេញទំហឹង ។ ភ្លាមៗនោះដែររថយន្តបង្ក មិនឈប់នោះទេ បានព្យាយាមបើករត់គេច រហូតមកដល់ត្រង់ចំណុចអតីតប៉ុស្តិ៍ទូរទស្សន៍លេខ៣ ទើបសមត្ថកិច្ច និងជនរងគ្រោះ ដេញតាមឃាត់បាន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា ។ ដោយខាងរថយន្តបង្កសងសំណងទៅខាង រថយន្តរងគ្រោះចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
មតិយោបល់