ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចស្តុប២៤ម៉ោងសែនសុខ តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីបុរសស្ត្រី ២នាក់ បើកបរក្នុងស្ថានភាពស្រវឹងស្រា បណ្ដាលឲ្យជ្រុលទៅបុករថយន្ត និងម៉ូតូពីក្រោយ រួចព្យាយាមបើករត់ ក៏ជ្រុលទៅបុករបងដែកស្ថានីយប្រេងឥន្ធនៈមួយកន្លែង។
រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9444 បើកបរដោយបុរសស្ត្រី ២នាក់ ស្រវឹងស្រា។
ម៉ូតូរងគ្រោះម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-4604 បើកបរដោយប្តីប្រពន្ធ ២នាក់។
រថយន្តរងគ្រោះម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-5241 បើកបរដោយបុរសម្នាក់។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសនារី ២នាក់ បើករថយន្តបង្កធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន និងមានសភាពស្រវឹងស្រា ស្រាប់តែទៅដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូ និងរថយន្ត ពីក្រោយពេញទំហឹង ខណៈកំពុងបើកស្របទិសគ្នា បណ្ដាលឲ្យ ២នាក់ប្ដីប្រពន្ធជិះម៉ូតូ រងរបួសធ្ងន់ស្រាល ហើយព្យាយាមបើករត់គេច បានប្រហែល៥០ម៉ែត្រ ក៏រេចង្កូតទៅបុករបងដែកស្ថានីយប្រេងឥន្ធនៈមួយកន្លែង ទៅមុខលែងរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានស្ត្រីម្នាក់ ចំណែកបុរសរត់គេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់