ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ០៥ខ្នង រួមទាំងសម្ភារៈ បណ្តាលឲ្យខូចខាតអស់ទាំងស្រុង

ភ្នំពេញ: នៅវេលាម៉ោង២០និង១៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយបានកើតឡើង បណ្តាលឲ្យ ឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយកន្លែង និងរួមទាំងសម្ភារ:អស់ទាំងស្រុង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងខាងលើ មានឈ្មោះ ស៊ុក គ្រៀវ ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរលក់កាហ្វេ ហើយចំពោះមូលហេតុ នៃការឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ២ម៉ែត្រ x ៣ម៉ែត្រ ចំនួន៥ខ្នង អស់ទាំងស្រុង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡើយ ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់ រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តជំនួយពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន ៤គ្រឿង ពុំប្រើប្រាស់ទឹក និងរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌច្បារអំពៅ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង២១និង៤៥នាទីនាថ្ងៃដដែល ៕

មតិយោបល់