ព័ត៌មានជាតិ

ចិនបើករថយន្តលឿនរេចង្កូតបុកគំរបលូ ក្រឡាប់ទៅបុកបង្គោលភ្លើង បណ្តាលឲ្យខ្ទេចរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០១ និង១០ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត BMW មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុកគំរបមាត់លូក្រឡាប់ ទៅបុកបង្គោលភ្លើង រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវលេខ១០០៨ ក្នុងសង្កាត់ទួលសង្កែទី២ ឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក bmw ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB-1851 បើកបរតាមបណ្ដោយផ្លូវលេខ១០០៨ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកគំរបមាត់លូក្រឡាប់ ទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម ចំណែកឯរថយន្តបង្កនោះវិញ រងការខូចខាតស្ទើរទាំងស្រុង ។ ភ្លាមៗនោះផងដែរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានឃាត់តៃកុងរថយន្តបង្កនាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យ ចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់