ព័ត៌មានជាតិ

យ៉ាងហោចណាស់ មានមនុស្សចំនួន ៥នាក់ រងរបួសធ្ងន់ស្រាល ករណីម៉ូតូ ២គ្រឿងបុកគ្នា នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ពី​ថ្ងៃ​ទី​០៣​ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង ​៦​និង​៤៥​នាទី​ល្ងាច​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​២​គ្រឿង​ប៉ះទង្គិច​គ្នា​ បណ្ដាល​ឲ្យ​មនុស្ស​០១​នាក់​រង​របួសធ្ងន់​ និង​០៤​នាក់​រង​របួសស្រាល​ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ ស្ថិត​នៅ​ភូមិ​វាល​ ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ ​ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​បុរស​ឈ្មោះ​ សុខ​ ថន​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ និង​មាន​ឌុ​ប​គ្នា ​៣​នាក់​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ ​(រងរបួសស្រាល​)​ ។​

​ប្រភព​បន្ត​ថា​ ពេល​មក​លុះដល់​កន្លែង​កើតហេតុ​ខាងលើ​ បាន​ប៉ះ​ជាមួយ​ម៉ូតូ​ ០១​គ្រឿង​ទៀត​ម៉ាក ​វ៉េវ​អាល់​ហ្វា​ចាស់​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ និង​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ បើកបរ​ដោយ​ឈ្មោះ​ ក្អាត់​ ហ៊ា​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ រង​របួសស្រាល​ បើកបរ​ពី​កើត​ទៅ​លិច​ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ។​ ចំពោះ​អ្នក​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​សមត្ថកិច្ច ​និង​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ​។​

​លោក​វរសេនីយ៍ឯក​ តាន់​ គា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​រួច​ហើយ​ បាន​សន្និដ្ឋាន​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​កត្តា​ល្បឿន​ បើកបរ​មិន​ប្រកាន់​ស្តាំ​ និង​ អ្នកបើកបរ​មិន​មាន​មួក​សុវត្ថិភាព ​។​ ចំពោះ​ម៉ូតូ​ទាំង​០២​គ្រឿង​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់