ព័ត៌មានជាតិ

បើករថយន្តទៅទិញត្រីតាមភូមិ យកមកលក់បន្ត ស្រាប់តែងោកមួយភាំង ក្រឡាប់ធ្លាក់ចូលប្រឡាយទឹក រងរបួសធ្ងន់ទាំង ២នាក់បងប្អូន

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ០២នាក់បងប្អូនបើករថយន្តទៅរកទិញត្រី ងោកមួយភាំងរថយន្តវង្វេងផ្លូវក្រឡាប់ធ្លាក់ចូលប្រឡាយទឹករងរបួសធ្ងន់០២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៣​ ខែមករា ឆ្នាំ២០២២ កើតឡើងនៅចំណុចប្រឡាយស្ទឹងសែន ស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា៖​ ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះរងរបួសធ្ងន់ទាំង០២នាក់ ១/- ឈ្មោះ នឿម ដំ ភេទប្រុស អាយុ ២០ឆ្នាំ អ្នកបើកបររថយន្តម៉ាកវីហ្គូពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ1D-3305 និងទី២/-ឈ្មោះ នឿម និត ភេទស្រី អាយុ ៣៧ឆ្នាំ ទាំង០២នាក់ ជាបងប្អូននឹងគ្នា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ តាមការបញ្ជាក់ពីអ្នកបើកបររថយន្ត នៅមុនពេលកើតហេតុខ្លួននិងបងស្រី បានធ្វើដំណើរតាមរថយន្តមករកទិញត្រីនៅភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ដើម្បីយកទៅលក់បន្ត ពេលបើកមកចំណុច ប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់ និងភូមិក្នាំង ឃុំណាំតៅ ខ្លួនបានងោកមួយភាំង ពេលដឹងខ្លួនក៏បួងចង្កូតមកវិញជ្រុលមកខាងឆ្វេងដៃហួសស្ពានក្រឡាប់ធ្លាក់ចូលប្រឡាយជាច្រើនត្រឡប់ដែលមានទឹកត្រឹមស្មងជើង ។

ប្រភពពីនគរបាលបានបញ្ជាក់ទៀតថា៖ ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅ បានចុះទៅដល់កន្លែងកើតហេតុជួយសង្រ្គោះ យកមនុស្សរងរបួសធ្ងន់ចំនួន ០២នាក់ នៅជាប់ក្នុងរថយន្ត រួចនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែករថយន្តខូចខាតទាំងស្រុង ៕

មតិយោបល់