ព័ត៌មានជាតិ

រ៉ឺម៉កម៉ូតូបើកគេចកុងតឺន័រ ជ្រុលចង្កូតទៅបុកគូទរថយន្តស្តារិច បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង រវាងរ៉ឺម៉កម៉ូតូនិងរថយន្ត បណ្តាលឲ្យភាគីរ៉ឺម៉កក្រឡាប់ផ្ងារជើង រងការខូចខាតទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសេចក្តីរាយការណ៍របស់ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានបញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានដំណើររឿងហេតុយ៉ាងដូច្នេះថាៈ នៅមុនពេលកើតហេតុភាគីខាងម្ចាស់​ម៉ូតូ រ៉ឺម៉កបើកបរតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ។ លុះពេលធ្វើដំណើរបើកបរមកដល់ត្រង់ចំណុចកើតហេតុ ម្តុំស្តុប៥០-៦០ បានបើក គេចរថយន្តកុងតឺន័រ មួយគ្រឿងមិនស្គាល់ម៉ាក ម៉ូតូរ៉ឺម៉កនោះក៏ជ្រុលល្បឿនទៅបុកគូទរថយន្ត មួយគ្រឿង ម៉ាកស្តារិចដែលកំពុងចត នៅស្ងៀមក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យបែកកញ្ចក់ធ្លាក់រងការខូចខាត ។ ចំណែកឯម៉ូតូរ៉ឺម៉កនោះវិញ បានក្រឡាប់ផ្ងារជើងរងការខូចខាត ។ ករណីនេះមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក បានចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាម ៗ ផងដែរ ។ បន្ទាប់មកបានធ្វើការវាស់វែងយកវត្ថុតាងដាក់អែបខាងផ្លូវ ដើម្បីសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះដល់បងប្អូន ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ ប៉ុន្តែបើករណីខាងលើនោះ ម្ចាស់ដោះស្រាយមិនត្រូវគ្នានោះទេ សមត្ថកិច្ចយកវត្ថុតាង ទាំងពីរគ្រឿងទៅរក្សាទុក ជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ជើងឯក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវ ច្បាប់នាពេលក្រោយបន្តទៀត ៕

មតិយោបល់