ព័ត៌មានជាតិ

បុរសជនជាតិចិនបើករថយន្តបុករទេះលក់ប្រហិត បណ្តាលឲ្យរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយបុរសជនជាតិចិន បើករថយន្តបុករ៉ឺម៉កលក់ប្រហិតពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរទេះម៉ូតូលក់ប្រហិតខាងលើ ធ្វើដំណើរ ២នាក់ប្ដីប្រពន្ធ ជាអ្នកលក់ដូរមានទិសដៅពីកើតទៅលិច រហូតដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសជាជនជាតិចិនអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត បានធ្វើដំណើរដោយរថយន្តម៉ាក ford reanger មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-7067 ធ្វើដំណើរស្របទិសពីក្រោយក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យបុកម៉ូតូរ៉ឺម៉កយ៉ាងពេញទំហឹង ក្រឡាប់ខ្ទាតត្រូវអ្នកថ្មើរជើងពីរនាក់ទៀតសរុប ៤ នាក់ រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមភ្លាម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់