ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹង របស់នាយករដ្ឋបាល សាលាខណ្ឌ ជ្រោយចង្វារ បន្ទាប់ពីជនសង្ស័យ ខាងលើបានប្រើប្រាស់ ឯកសារ សាធាណៈក្លែងក្លាយ ពោលគឺប្រើប្រាស់លិខិត ផ្ទេរសិទ្ធិក្លែងក្លាយ យកទៅដាក់យកលុយពី ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់បុរីពិភពថ្មី ហើយខាងធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់បុរីពិភពថ្មី ដែលមានទីតាំង នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានយកឯកសារ មកផ្ទៀងផ្ទាត់ ឯកសារ ដើមនៅសាលា ខណ្ឌជ្រោយចង្វារ ទើបដឹងថាជាឯកសារ ក្លែងក្លាយក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងង ៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបុរីពិភពថ្មី ដែលស្ថិតនៅ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ស្ត្រីដែលជាជនសង្ស័យឈ្មោះ គង់ សុវណ្ណមរកត អាយុ ៣៤ឆ្នាំ មុខរបរគួកជេរដី មានទីលំនៅក្នុងបុរីពិភពថ្មី កន្លែងកើតហេតុខាងលើ ។ ចំណែកឯម្ចាស់ដើមបណ្តឹងមានឈ្មោះ កៅ សារ៉ាវុធ ជានាយករដ្ឋបាល សាលាខណ្ឌជ្រោយចង្វារ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានយកឯកសារ ផ្ទេរសិទ្ធិក្លែងក្លាយ ទៅដាក់បញ្ចាំយកលុយ នៅខាងធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់បុរីពិភពថ្មី ក្រោយមកខាងធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់បុរីពិភពថ្មី ក៏យកឯកសារនោះ មកផ្ទៀងផ្ទាត់ឯកសារ ដើមនៅសាលាខណ្ឌជ្រោយចង្វារ ទើបដឹងថាជាឯកសារក្លែងក្លាយ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។
បើតាមការឆ្លើយសារភាព របស់ស្ត្រីដែលជាជនសង្ស័យ បានប្រាប់ថា នៅក្នុងអំឡុងឆ្នាំ២០១៥ ខ្លួនជាតំណាង ឲ្យក្រុមហ៊ុនរកស៊ីទិញលក់ដី ដែលមានភាគហ៊ុនពីប្រទេសថៃ បានទិញដីចំនួន២កន្លែងជាប់គ្នា នៅក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលមានម្ចាស់ដីឈ្មោះ ដួង គឹមឡាយ និងឈ្មោះ ឯក សន (ដីជាប់ព្រំគ្នា) ក្នុងតម្លៃ ១០០០$ (មួយពាន់ដុល្លារ) ក្នុង១ម៉ែត្រក្រឡា សរុបផ្ទៃដី ១៥០០ម៉ែត្រក្រឡា ពេលនោះ ខ្លួនបានកក់ប្រាក់ មុនចំនួន ២០០០០០$ (ម្ភៃម៉ឺនដុល្លារ) ឲ្យទៅម្ចាស់ដី ដោយបានសន្យាប្រគល់ប្រាក់ គ្រប់ចំនួនក្រោយពេលធ្វើ លិខិតផ្ទេរសិទ្ធិរួចរាល់ ។
ក្រោយពីធ្វើឯកសារផ្ទេរកម្មសិទ្ធិរួចហើយ ខ្លួនពុំមានប្រាក់ ប្រគល់ឲ្យ ទៅម្ចាស់ដីទេ ដោយសារភាគហ៊ុន នៅប្រទេសថៃ បង្វិលប្រាក់មកមិនទាន់ ទើបខ្លួនក៏បានសុំពន្យាពេល ជាមួយម្ចាស់ដី ១លើកជា ២លើក តែម្ចាស់ដី ពុំយល់ព្រម រហូតដល់ថ្ងៃផុតកំណត់ប្រាក់កក់ ខ្លួនក៏បានធ្វើលិខិត ផ្ទេរសិទ្ធិកាន់កាប់ដីខាងលើ ទៅឲ្យម្ចាស់ដើមដីឈ្មោះ ដួង គឹមឡាយ និងឈ្មោះ ឯក សនវិញ តាមការសន្យាដោយខ្លួន មិនបានចាំថ្ងៃ ខែច្បាប់លាស់ទេ ។
រូបខ្លួនបានសារភាពទៀតថា ប៉ុន្មានខែក្រោយមក ខាងភាគហ៊ុន នៅប្រទេសថៃ បានសួររកលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដើម្បីគេបង្វិល ប្រាក់មកឲ្យបង្គ្រប់ តែដោយសារខ្លួន ពុំមានឯកសារផ្ទេរសិទ្ធិ កាន់កាប់ដី ទៅបង្ហាញ ភាគីម្ចាស់ប្រាក់ នៅប្រទេសថៃ ហើយភាគីខាងប្រទេសថៃ ចេះតែបង្ខំសួររកឯកសារផ្ទេរ សិទ្ធិកាន់កាប់ដីធ្លី ។ ពេលនោះ ខ្លួនក៏បាន ប្រើល្បិច ធ្វើឯកសារក្លែងក្លាយ ដើម្បីយកទៅបង្ហាញភាគី នៅប្រទេសថៃឲ្យ ម្ចាស់ប្រាក់គេជឿទុកចិត្ត ទម្លាក់ប្រាក់មកឲ្យ ហើយខ្លួនក៏បានពឹងពាក់ឈ្មោះ ឌីណា ឲ្យជួយធ្វើឯកសារផ្ទេរ សិទ្ធិកាន់កាប់ដីក្លែងក្លាយឲ្យ ដោយឈ្មោះ ឌីណា បានយកប្រាក់ពីខ្លួនចំនួន ២៥០០$ (ពីរពាន់ប្រាំរយដុល្លារ) ។
ក្រោយមកបានប៉ុន្មានថ្ងៃ (មិនចាំថ្ងៃខែច្បាស់) ឈ្មោះ ឌីណា បានទាក់ទនង ទូរស័ព្ទមកខ្លួនថា ដោយប្រាប់ថាឯកសារ ក្លែងក្លាយនោះធ្វើបានហើយ រួចក៏ប្រើមនុស្សម្នាក់ មិនស្គាល់ឈ្មោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខ ពាក់មួកការពារ និងពាក់ម៉ាស់បិតមុខ យកឯកសារ មកឲ្យខ្លួន នៅម្តុំរង្វង់មូលទួលគោក ពេលនោះ ខ្លួនក៏បានយកឯកសារ ក្លែងក្លាយនោះ រក្សាទុកនៅផ្ទះ ដើម្បីបង្ហាញភាគីម្ចាស់ ប្រាក់នៅប្រទេសថៃ ។
ក្រោយមក រូបខ្លួនបានរៀបរាប់ទៀតថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដោយសារតែខ្លួន មានការខ្វះខាតលុយកាក់ ក៏បានយកឯកសារ ក្លែងក្លាយខាងលើ មកដាក់បញ្ចាំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ភ្នាក់ងារ ខាងធនាគារគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុពិភពថ្មី បានយកឯកសារ ខាងលើមកបញ្ជាក់ នៅរដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ ដែលតម្កល់ទុក នៅរដ្ឋបាលសាលាខណ្ឌ ឃើញថាឯកសារ ខាងលើមានលក្ខណៈក្លែងបន្លំ ខុសពីសំណើរ ដើមខាងរដ្ឋបាល សាលាខណ្ឌជ្រោយចង្វារ ក៏បានប្តឹង ទៅសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វារ ហើយសមត្ថកិច្ច បានធ្វើការ ស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យឈ្មោះ គង់ សុវណ្ណមរកត បាននៅ ចំណុចបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ គង់ សុវណ្ណមរកត សមត្ថកិច្ចយើង ចាប់យកបាន វត្ថុតាងលិខិតផ្ទេរសិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង (ឯកសារក្លែងក្លាយ) មួយចំនួនជារបស់ ជនសង្ស័យ ខាងលើផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការនិតិវិធីច្បាប់ ៕
មតិយោបល់