ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនបុរសម្នាក់ ករណីស្រវឹងដុតផ្ទះម្ដាយចិញ្ចឹម

តាកែវៈ នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានករណីធ្វើឲ្យខូចខាតដោយចេតនា (កូនដុតផ្ទះបាយម្តាយ) កើតឡើងនៅត្រង់ចំណុចភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ មិន ទូច ភេទប្រុស អាយុ៣៨ឆ្នាំ ដែលរស់នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុ ជនបង្កបានផឹកស្រាស្រវឹង រួចក៏បានដុតផ្ទះបាយរបស់ម្ដាយចិញ្ចឹមខ្លួន ឈ្មោះ ពុត ង៉ែត ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ។ ផ្ទះបាយមានទំហំ ៥x៦ ម៉ែត្រ សង់អំពីឈើ ប្រក់ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈរួមមាន ធុងទឹក០១ ទូចាន០១ នឹងឆ្នាំងបាយ០១ អង្ក១បាវ នឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយកើតហេតុកម្លាំងជំនាញក៏បានចុះឃាត់ខ្លួនជនបង្ក មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់