ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើបវ៉ាជែង ជ្រុលបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ជនជាតិចិនចំនួន០២នាក់ ស្រវឹងជោកជាំ បើកបររថយន្តស៊េរីទំនើប មួយគ្រឿង បោះពួយយ៉ាងលឿន និងព្យាយាម វ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកចំពីមុខម៉ូតូ មួយគ្រឿងជិះបញ្រ្ចាសទិសគ្នាពេញទំហឹង ត្រង់ចំណុចខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនចំនួន២នាក់ បានបើកបររថយន្ត មួយគ្រឿង ម៉ាកម៉ាស័រដែស ហ្វ័រម៉ាតិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7688 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្ត មួយគ្រឿងទៀតមិន ចាំម៉ាក ហើយបានធ្វើឲ្យរថយន្តនោះឆ្លងចូលចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាជាមួយរថយន្ត បណ្តាលឲ្យម៉ូតូហោះខ្ទាត ប្រមាណ៣០ម៉ែត្រ រងការខូចខាត មួយកំណាត់មុខ និងបុរសជាម្ចាស់ម៉ូតូ បានរងរបួសធ្ងន់ធ្ងរ ។ ចំណែកឯរថយន្ត បានរងការខូចខាត ក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្ត របស់គ្លីនិកឯកជនសុងការណ៍ បានចុះមក ធ្វើការអន្តរាគមន៍ និងដឹកយកជនរងគ្រោះទៅសង្គ្រោះ នៅឯមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ។

ក្រោយពេលកើតហេតុម៉ូតូ និងរថយន្តរួចជាមួយអ្នក បើកបររថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង និងនាំទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការចាត់ការ ទៅតាមនីតិវិធីច្បាប់នៅពេល ក្រោយជាបន្តទៀត ៕

មតិយោបល់