កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ករណីហិង្សាដោយចេតនាចំណុចកើតហេតុខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ០២នាក់ (ប្ដីប្រពន្ធ) ៖ ១–ឈ្មោះ ឡៅ សុភា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរកសិករ (រងរបួសមុតនិងផ្លែស្ន ចំស្មាខាងស្ដាំ) ។ ២–ឈ្មោះ ហេង គីម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរកសិករ ។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ខា សុខឡេង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន) និងបានធ្វើតេស្ដរកវីរុសកូវីដ–១៩ លទ្ធផល អវិជ្ជមាន(+)។
វត្ថុតាងចាប់យក៖ ១–កាំបិតប៉័ងតោ ចំនួន០១ មានដងឈើប្រវែង ១១ស.ម និងផ្លែដែកប្រវែង ១៣ស.ម។
២–ស្ន ចំនួន០១ មានដងឈើឫស្សី ប្រវែង០៤ម៉ែត្រ និងផ្លែដែក០២ (ផ្លែ០១ ប្រវែង ២០ស.ម) ។
ជនរងគ្រោះ ទាំង០២នាក់ខាងលើ គឺមានផ្ទះនៅជាប់និងផ្ទះជនសង្ស័យ ខា សុខឡេង ហើយឈ្មោះ ឡៅ សុភា ក៏ត្រូវជាម្ដាយមីងបង្កើតរបស់ជនសង្ស័យផងដែរ ។
នៅមុនពេលកើតហេតុ ជនសង្ស័យ ខា សុខឡេង បាននិយាយឌឺដងផ្លែផ្កាដាក់ជនរងគ្រោះជាពូសាច់ថ្លៃ រួចក៏បានទាក់ពាក្យសម្ដីគ្នាបានបន្តិច ជនរងគ្រោះ ហេង គីម ក៏បានទះកំផ្លៀងជនសង្ស័យ០២ដៃ រួចក៏បានបែកគ្នាទៅ។
លុះពេលកើតហេតុថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៧ និង ៣០នាទី ជនរងគ្រោះ ហេង គីម បានកាន់ចបកាប់ឆាយដីដំណាំខាងក្រោយផ្ទះ ក៏ត្រូវបានជនសង្ស័យ ដើរទៅឃើញស្រែកដាក់ ហេង គីម ថា មើលមុខវាធ្វើអី? រួចដោយមានកំហឹងពីម្សិលផង ជនសង្ស័យក៏បានយកដុំថ្មគប់ទៅលើជនរងគ្រោះ ហេង គីម តែពុំត្រូវទេ រួចក៏ត្រូវជនរងគ្រោះដេញតាមពុំទាន់ ធ្វើឱ្យជនសង្ស័យបានរត់ទៅយក កាំបិតប៉័ងតោចំនួន០១ និងស្ន ចំនួន០១ ពីផ្ទះមករកជនរងគ្រោះវិញ ហើយបានយកកាំបិតគប់ទៅលើ ហេង គីម តែពុំត្រូវ ពេលនោះជនរងគ្រោះ ឡៅ សុភា បានចូលទៅឃាត់ក៏ត្រូវបានជសង្ស័យ យកស្ន ដែលមានផ្លែដែកចុងស្រួច គប់ទៅលើខ្លួន បណ្ដាលឱ្យផ្លែស្ន មុតបាក់ផ្លែស្ន០១ ជាប់និងស្មាខាងស្ដាំចេញឈាមតែម្ដង។
ពេលនោះជនសង្ស័យបានរត់គេចខ្លួនតែម្ដង ចំណែកឈ្មោះ ឡៅ សុភា ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅផ្ទះពេទ្យឯកជន ០១កន្លែង ក្នុងភូមិតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះ ក៏បានរាយការណ៍មកកាន់នគរបាលប៉ុស្ដិ៍ឱ្យជួយអន្តរាគមន៍តាមច្បាប់ ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ពោធិ៍បាន បានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ខា សុខឡេង ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធដូចចាប់យកខាងលើ មកកាន់ប៉ុស្ដិ៍រដ្ឋបាលពោធិ៍បានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ខា សុខឡេង និងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានឃាត់និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ដោះអាសន្ន ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់