ព័ត៌មានជាតិ

មន្ត្រីជំនាញប្រចាំនៅខេត្តទាំង៣ បន្តត្រួតពិនិត្យឃើញនិងដកហូតនូវទំនិញ មិនមានអនុលោមភាពផ្នែកគុណភាព

ព្រៃវែង: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ទំនិញឧបភោគបរិភោគ ទំនិញប្រើប្រាស់ និងភេសជ្ជ:ចម្រុះ មិនមានអនុលោមភាពផ្នែកគុណភាពសរុបប្រមាណ ៣០០គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ពិនិត្យឃើញ និងដកហូតពីទីផ្សារ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រុងសៀមរាប និងស្រុកពួក ខេត្តសៀមរាប ស្រុកកំចាយមារ ខេត្តព្រៃវែង ។

មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តទាំង៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យ គុណភាពសុវត្ថិភាព ទំនិញម្ហូបអាហារ ក៏ដូចជាទំនិញប្រើប្រាស់នានានៅតាមទីផ្សារ ដើម្បីធានាបាននូវការការពារសុខុមាលភាព ជូនប្រជាពលរដ្ឋ ដោយបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតនូវទំនិញមិនមានអនុលោមភាពប្រភេទពពុះសណ្តែក និងបបែលក្រៀមចំនួន ៩.៨គីឡូក្រាម រួមទាំងភេសជ្ជ:ចម្រុះ នំចម្រុះ គ្រឿងសម្អាងពុំអនុលោមតាមបទដ្ឋានព័ត៌មាន និងគ្រឿងឧបភោគបរិភោគផ្សេងទៀត សរុបចំនួន ២៨៨.៧៧គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន១កានផងដែរ ។

ចំពោះទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញ ក.ប.ប.ដកហូតយកមករក្សាទុក ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលក្រោយ ដោយឡែកអាជីវករដែលប្រព្រឹត្តល្មើស ត្រូវបានទទួលការអប់រំណែនាំពីមន្ត្រីជំនាញ និងទទួលការពិន័យអន្តរការណ៍ស្របតាមច្បាប់ផងដែរ ៕

មតិយោបល់