ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សា បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ

បាត់ដំបង: កាលពីថ្ងៃពុធ ៩រោចខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំងអធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផែ្នកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ នៃអធិការ ដ្ឋាននគរបាលស្រុកភ្នំព្រឹក នាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉យ សារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ អូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងពាក់ព័ន្ធករណីហិង្សាដោយចេតនា បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

មូលហេតុដែលឈានដល់ការនាំខ្លួននេះ គឺកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ២០ និង០០នាទី នៅចំណុចភូមិ អូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនសង័្សយខាងលើបានធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះឈ្មោះ រឹម វុទ្ធា ហៅ ទីន ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរក្នុងពេលដែលភាគីទាំងពីរ មានទំនាស់ពាក្យសំដីដាក់គ្នា ។

នៅពេលនេះជនសង័្សយ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក រៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់