ភ្នំពេញ: គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ និងព្រះរាជអាជ្ញារង ចុះបង្ក្រាបល្បែងមួយកន្លែងដែលបើកដោយជនជាតិចិន ឃាត់មនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈតែមិនឲ្យអ្នកសារព័ត៌មាន ផ្ដិតយករូបភាព ឡើយ ។
ការចុះបង្ក្រាបខាងលើ កាលពីវេលាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ156 ផ្លូវលេខ3 ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលគាត់រស់នៅជុំវិញផ្ទះ ដែលលួចបើកល្បែងដោយជនជាតិចិនខាងលើ បានឱ្យដឹងដែរថា ការបើកល្បែងស៊ីសងដោយខុសច្បាប់ ដែលសង្ស័យម្ចាស់ទីតាំងគឺជាជនជាតិចិន គឺបើកលេងយ៉ាងរលូនជាយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញមានកម្លាំងចម្រុះណា ចុះបង្ក្រាបឡើយទើបមកដល់ព្រឹកថ្ងៃទី២៨ ខែមករានេះ គេឃើញមានកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលសហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់ ថែមទាំងដកហូតសម្ភារៈជាច្រើន ។
ប្រភពដដែលបានបន្តទៀតថា ក្នុងមូលដ្ឋានខណ្ឌកំបូល គឺតែងតែកើតមានឡើងបទល្មើស ជាហូរហែមិនថាករណីឆក់ លួច កាច់កម៉ូតូ -ល- ប៉ុន្តែមិនដែលឃើញមានកងកម្លាំងចម្រុះណាមួយ ចាប់បាននោះទេ គឺបានត្រឹមតែទទួលពាក្យបណ្ដឹងពីជនរងគ្រោះ យកទៅរក្សាទុកតែប៉ុណ្ណោះ ។ នេះហើយជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចនិងបាត់ទំនុកចិត្តជាខ្លាំង ទៅលើអាជ្ញាធរមានសមត្ថកិច្ច ដូចជាកម្លាំងអាវុធហត្ថជាដើម ។
ក្នុងហេតុការណ៍ចុះបង្ក្រាបល្បែងស៊ីសង ដោយខុសច្បាប់ខាងលើអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាព ដើម្បីធ្វើការផ្សព្វផ្សាយប៉ុន្តែបែរជាខាងអាជ្ញាធរ ក៏ដូចជាកម្លាំងអាវុធហត្ថមិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មានផ្ដិតយករូបភាព ដើម្បីធ្វើការផ្សព្វផ្សាយឡើយ ។ មិនដឹងថាមកជាមូលហេតុអ្វី ទើបមានការលាក់បាំងបែបនេះ ឬក៏បានត្រឹមតែចុះចាប់ឲ្យតែល្អមើល ទេដឹងបានជាមិនឲ្យអ្នកសារព័ត៌មាន ផ្តិតយករូបភាពបែបនេះ ។
ក្រោយពីចុះបង្រ្កាបទីតាំងល្បែងខាងលើ ឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈប្រដាប់លេងជាច្រើនយកទៅផ្នែកជំនាញ ដើម្បីបន្តនីតិវិធី ចំណែកទីតាំបិទបណ្តោះអាសន្ន ៕
មតិយោបល់